(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតា អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេ កម្ពុជានឹងគ្មានឯករាជ្យឡើយ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសនៃខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦) ដែលបានប្រារព្ធឡើងនៅវិមានឯករាជ្យ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ សូមអរបអរសាទខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦) ដែលបានប្រារព្ធ ធ្វើនៅវិមានឯករាជ្យមុននេះបន្តិច។ បើគ្មានការតស៊ូ ទាមទារឯករាជ្យ ពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេ កម្ពុជានឹងគ្មានឯករាជ្យឡើយ។ ប្រជារាស្រ្តទូទាំងប្រទេស សូមចងចាំ និងដឹងគុណជានិច្ច នូវព្រះរាជបូជនីយកិច្ច ជាប្រវត្តិសាស្រ្តដែលព្រះមហាក្សត្រកម្ពុជាបានលះបង់ដើម្បីប្រទេសជាតិយើងទាំងមូល។ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេន និងជូនពរដល់ព្រះសង្ឃ និងបងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលនូវពុទ្ឋពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈនៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏វិសេសវិសាលនេះ»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ជាខួប៦៣ឆ្នាំហើយ (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិកម្ពុជាទាំងមូលរំដោះខ្លួន បានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ៕