(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារចម្រុះដឹកនាំដោយលោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សុខ តារា អនុប្រធាននាយកដ្ឋាន ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងដែលរថយន្តដឹកអុសមួយគ្រឿង ធ្វើឲ្យបាក់ស្រុតផ្លូវ និងស្ពានខូចខាតលើកំណាត់ផ្លូវ ស្ថិតនៅទំនប់អូក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ, លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងលោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ ព្រមទាំងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

លោក សំអឿន សុបញ្ញា បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដែលកិច្ចប្រជុំពិភាក្សាទទួលបានលទ្ធផល ជូនតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានពិនិត្យ និងវាយតម្លៃប្រវែងផ្លូវត្រូវជួសជុលទំនប់ឡើងវិញប្រហែល១៣០ម៉ែត្រ និងបានដាក់គ្រឿងចក្រធ្វើការជួសជុលចាប់ពីស្អែកនេះបន្ទាន់ ជូនពលរដ្ឋធ្វើដំណើរ។ ចំពោះរថយន្ត និងអុសត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនទៅរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ រក្សាទុក និងចាត់ការតាមនីតិវិធីបន្ត តែបញ្ហាលើសំណងយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។

សូមជម្រាបថា នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយយ៉ីឌុប ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ចាម3A-2715 បើកបរដោយឈ្មោះ ស៊ុំ វុទ្ធី ហៅអ៊ត អាយុ៣៥ឆ្នាំ បេីកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានស្រុតផ្លូវនៅគល់ស្ពានខាងលិចស្ពានអូរក្បៀរ(មូលហេតុទឹកហូរស្រស់ពីក្រោម)។

ជាមួយគ្នានេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងបញ្ជៀសចរាចរណ៍បណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងចំពោះការធ្វើចរាចរណ៍ឆ្លងកាត់ជាថ្មី៕