(ស្ទឹងត្រែង)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ ជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើលទ្ធផលការងារ ថែទាំខួបផ្លូវមួយខ្សែប្រវែង១១,៦០០ម៉ែត្រ និងសាងសង់លូមូលចំនួន៧កន្លែង ស្ថិតនៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ហើយជាលទ្ធផលគណៈកម្មការបានឯកភាពទទួលបញ្ចប់សុពលភាព។

សមិទ្ធផលជារួមរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ ចក្ខុវិស័យគឺ «លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជន នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។ អាទិភាពចំនួន៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ, ទី២៖ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤៖ ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឲ្យកាន់តែមានភាពរីកចម្រើន ទៅមុខបន្ថែមទៀត ដោយបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ជាយុទ្ធសាស្រ្ត ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ របស់ក្រសួង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការជំរុញអាត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ១០០% នៅឆ្នាំ២០៣០៕