(ភ្នំពេញ)៖​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៥នេះ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ បានផ្ញេីព្រះរាជសារលិខិតជូន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះរបាយការណ៍ទូលថ្វាយរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ស្តីពីការប្រេីប្រាស់ព្រះរាជទ្រព្យ​ ២ម៉ឺនដុល្លារ ដែលបានជូននៅថ្ងៃខួប កំណើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

ក្នុងព្រះរាជសារលិខិតបានខ្លឹមសារថា៖ «ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពីការប្រើប្រាស់ព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដែលបានជូននៅថ្ងៃខួប កំណើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ បានយកទៅ៖

* សាងសង់ផ្ទះចំនួន ២ខ្នង ទំហំ ៥ម x ៧ម យ៉ាងស្ទាតសង់ពីថ្ម ប្រក់សង្ក័សីបំពាក់ដោយសម្ភារៈសព្វគ្រប់រួម បន្ថែមអំណោយស្បៀងអាហារសំរាប់ ២គ្រួសារជូនជនមានពិការភាពរស់នៅស្រុកបន្ទាយអំពិល ខេត្ត បន្ទាយមានជ័យ ព្រមទាំងអណ្ដូងទឹកស្អាតចំនួន ៣ទៀត

* អណ្តូងទី ១ នៅភូមិប្រីយ៍ ឃុំគោកខ្ពស់
* អណ្តូទី ២ ស្ថិតក្នុងសាលាបឋមសិក្សាភូមិថ្នល់ ឃុំគោកខ្ពស់
* អណ្ដូងទី ៣ នៅភូមិ ព្រៃវល្លិ៍ ឃុំអំពិលបន្ថែមពីលើនេះ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានណែនាំសហការីនៃកាកបាទក្រហមកម្ពុជា យកអំណោយ ចែកជូនប្រជារាស្ត្រក្រីក្រចំនួន ១១០គ្រួសារ រស់នៅក្បែរៗនោះ»។

ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ក៏បានកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះការខិតខំប្រឹងប្រែងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយគុណធម៌ដែលបានដឹកនាំដ៏វាងវៃ កម្មវិធីមនុស្សធម៌ និងសកម្មភាពសុខាភិបាលដែលបានរួម ចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជារាស្ត្រក្មងគោលបំណង មិនទុកនរណា ម្នាក់ឯកោស្របតាមគោលដៅអភិវឌ្ឍន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ សូមជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន៖