(ភ្នំពេញ)៖ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងជូនដំណើរគណៈប្រតិភូមុស្លិមកម្ពុជា ចំនួន១៦រូប ដើម្បីទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាជើងចុងក្រោយ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ថ្លែងនាឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា សម្រាប់ឆ្នាំ២០២៥នេះ សាសនិកឥស្លាមកម្ពុជាទទួលបានព្រះរាជឧបត្ថម្ភធ្វើបុណ្យធម្មយាត្រាហាជ្ជ ចំនួន១៧នាក់ ពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ដែលជាភ្ញៀវរបស់ព្រះអង្គ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសទើបបានចេញដំណើរនាពេលនេះតែ១៦នាក់ ដែលនឹងបំពេញកាតព្វកិច្ចបុណ្យហាជ្ជនេះរយៈពេល២សប្តាហ៍។

លោកបានបន្តថា សម្រាប់កម្ពុជា នាឆ្នាំ២០២៥ សាសនិកឥស្លាមចំនួន១,២០០នាក់ បានចេញដំណើរទៅធ្វើបុណ្យហាជ្ជតាមរយៈក្រុមហ៊ុនឯកជន ដោយក្នុងម្នាក់ៗចំណាយថវិកាប្រមាណ៥,៥០០ដុល្លារ ដែលសរុបចំនួន ជាង៦,៦០០,០០០ដុល្លារ ខណៈឆ្នាំមុនមានចំនួន៩៦៥នាក់។ នេះក៏ដោយសារប្រជាពលរដ្ឋមានលទ្ធភាព និងមានជីវភាពធូធារ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ដែលកំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ហើយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបមុខរបរទទួលទាន និងមានសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ជាពិសេសការប្រតិបត្តិសាសនា។

លោកក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួលដល់សហគមន៍ឥស្លាម ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ និងកិច្ចការផ្សេងៗទៀត ហើយក៏អរគុណដល់ព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានព្រះរាជទានការទៅធ្វើបុណ្យហាជ្ជនាពេលនេះ ដល់សាសនិកឥស្លាមកម្ពុជា ជារៀងរាល់ឆ្នាំ ក៏ដូចជាផ្តល់ជំនួយផ្សេងៗ នាពេលកន្លងមក។

លោកផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម។

នៅឆ្នាំ២០២៥នេះ ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីន បានព្រះរាជទានដល់សាសនិកឥស្លាមនៅលើពិភពលោក ទៅធ្វើបុណ្យហាជ្ជចំនួន១,៣០០នាក់ មកពីបណ្តាប្រទេសចំនួន១០០ ក្នុងនោះកម្ពុជា មាន១៧នាក់ផងដែរ។

សូមជម្រាបថា ការប្រារព្វបុណ្យហាជ្ជនៅទីក្រុងពិសិដ្ឋម៉ាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចឥស្លាមទាំង៥ ចំពោះអ្នកមានលទ្ធភាព និងសមត្ថភាព ដោយទទួលបានផលបុណ្យយ៉ាងច្រើនលើសលប់៕