(ព្រះសីហនុ)៖ ស្ដ្រីខ្មែរម្នាក់វ័យ២០ឆ្នាំ ត្រូវបានសង្សារជនជាតិចិនចាប់បង្ខាំងក្នុងបន្ទប់ និងធ្វើទារុណកម្មបណ្ដាលឲ្យរងរបួសពេញខ្លួនប្រាណ នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយទទួលបានពាក្យបណ្ដឹងពីសាច់ញាតិរបស់ជនរងគ្រោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះអន្ដរាគមន៍ជួយរំដោះស្ដ្រីរងគ្រោះ និងធ្វើការឃាត់ខ្លួនជនដៃដល់ជាជនជាតិចិនម្នាក់ ឈ្មោះ ZHANG XiAO XiANG អាយុ៣៨ឆ្នាំ។

បច្ចុប្បន្នស្ដ្រីរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីបញ្ជូនទៅសង្គ្រោះ ខណៈជនដៃដល់ជនជាតិចិន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕