(ភ្នំពេញ)៖ លើកឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរកម្ពុជា នៅរដូវកាលបៃតង (Green Season)» លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំកម្ពុជា បានថ្លែងស្នើសុំដល់អ្នកបម្រើក្នុងវិស័យទេសចរណ៍ សូមមេត្តាកុំបង្កើតផលលំបាក រារាំងដល់វិស័យឯកជន នៅពេលពួកបង្កើតព្រឹត្តិការណ៍ទេសចរណ៍នៅតាមខេត្ត។
លោកបណ្ឌិត ធួន ស៊ីណាន បានថ្លែងឲ្យដឹងថា «តាមបទពិសោធន៍របស់ខ្ញុំ ដែលបានធ្វើការព្រឹត្តិការណ៍តាមខេត្ត គឺមានការជួបការលំបាកច្រើន អាជ្ញាធរខេត្តខ្លះមិនត្រឹមតែមិនជួយនោះទេ ប៉ុន្ដែបែរជាទារថវិកាយើងថែមទៀត»។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ពិតណាស់តាមបណ្ដាខេត្តមិនសូវមានព្រឹត្តិការណ៍ច្រើននោះទេ ទាមទារឲ្យមានការបង្កើតឡើង ដើម្បីទាក់ទាញទេសចរណ៍ ប៉ុន្ដែការបង្កើតព្រឹត្តិការណ៍ម្ដងៗ គឺលំបាកជាខ្លាំង ប្រសិនបើមិនមានការអន្ដរាគមន៍ពីក្រសួងទេ ពិតណាស់វិស័យឯកជន បានជួបការលំបាកយ៉ាងច្រើន យើងយកព្រឹត្តិការណ៍ឲ្យខេត្តទាំងនោះហើយ មិនត្រឹមតែមិនសហការនោះទេ ប៉ុន្ដែបែរជាបង្កការលំបាកមកវិញ។
លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់ថា នេះជាចំណុចអវិជ្ជមាន ដែលទាមទារឲ្យមានការចូលរួមសហការ ផ្នែកឯកជនត្រូវបានរៀបចំធ្វើ ហើយផ្នែករដ្ឋក៏ត្រូវបានរៀបចំធ្វើ ដើម្បីឲ្យដំណើការឆ្ពោះទៅមុខកាន់តែល្អប្រសើរ៕
សូមស្ដាប់ការបកស្រាយរបស់លោកបណ្ឌិត ធួន ស៊ីណាន៖