(ជប៉ុន)៖ ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នារវាងជាមួយនាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជប៉ុន ដែលជួយអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភាក្នុងតំបន់។
នាឱកាសនោះដែរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួន និងបើកជំហជានិច្ច ដើម្បីរីកចម្រើនរួមគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ពីព្រោះកម្ពុជា មានច្បាប់វិនិយោគសេរី មានការលើកទឹកចិត្ត ប្រកបដោយភាពបត់បែន និងមានយន្តការពិគ្រោះយោបល់ទៀងទាត់ជាមួយធុរកិច្ចជប៉ុនផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំសូមថ្លែងអំណរគុណមិត្តជប៉ុន ចំពោះការជួយគាំទ្រអភិវឌ្ឍន៍កំពង់ផែ ក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភាតំបន់»។
សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿថា កម្ពុជា និងជប៉ុន នឹងបន្តតភ្ជាប់ប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធតាមយរយៈកិច្ចសហប្រតិបត្តិការ អប់រំ ការងារ និងទេសចរណ៍ជាដើម។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាក៏បានត្រៀមខ្លួនរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញរបស់កម្ពុជា នៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលដែលត្រឡប់មកកម្ពុជាវិញពួកគេនឹងពាំនាំនូវគុណតម្លៃ និងទំនួលខុសត្រូវលើការងារខ្ពស់ផងដែរ។
គួរឱ្យដឹងថា ការរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០៕