(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ បានថ្លែងថា ការផ្សព្វផ្សាយ និងផលិតកម្មវិធី «វិថីសេដ្ឋីក្មេង» នឹងអាចជំរុញលើកទឹកចិត្ដកូនខ្មែរ ងាកទៅរកការចាប់អាជីវកម្ម ពាណិជ្ជកម្ម ធុរកិច្ច ទាំងវ័យក្មេង ដោយមិនចាញ់ប្រៀនគេ ខណៈដែលយើង បានទទួលបទពិសោធន៍ និងរៀនពីគេ មកច្នៃប្រឌិតបន្ថែមទៀត ។
លោករដ្ឋមន្ដ្រី លើកឡើងបែបនេះ ក្នុងឱកាសចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា លើការផ្សព្វផ្សាយ និងផលិតកម្មវិធី វិថីសេដ្ឋីក្មេង រវាងក្រុមហ៊ុន Blue Media Films (Cambodia) និងក្រុមហ៊ុន Mushroom TV( Thailand), CEO Master Club រួមជាមួយនឹងក្រុមហ៊ុនbJBN Global នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសណ្ឋាគារសាន់វ៉េ។
លោករដ្ឋមន្រី្ដបន្ដថា «ការធ្វើជាអ្នកជំនួញនេះ មិនមែនតែយុវជនទេ មន្ដ្រីរាជការទាំងអស់គ្នាក៏ដូច្នេះដែរ ក្នុងសតវត្សរ៍ទី២១នេះ គឺពាណិជ្ជកម្មជាផ្នែកដ៏ធំណាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចនេះហើយយើងមានវីដេអូ ចាក់ផ្សាយ ឬផលិតកម្មវិធី វិថីសេដ្ឋីក្មេងនេះ នឹងអាចជំរុញលើកទឹកចិត្ដយុវជនយើងឲ្យមានការប្រកបពាណិជ្ជកម្ម ឬធុរកិច្ចមួយ ដែលមិនចាញ់ប្រៀបគេ យើងដកពិសោធន៍ពីគេ ហើយរៀនសូត្រពីគេវិញ ដែលនេះគំនិតល្អមួយ ដែលក្រសួងព័ត៌មាន គាំទ្រណាស់ ព្រោះយើងអាចចែករំលែកឲ្យយុវជនយើងដែលមានបញ្ញា ចំណេះដឹង ថវិកា គួរយើងទៅធ្វើយ៉ាងម៉េច នឹងជួយបណ្ដុះឲ្យកូនខ្មែរ ឈានទៅធុរកិច្ចអន្ដរជាតិផងដែរ»។
ទន្ទឹមនឹងនោះ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន Blue Media Films (Cambodia) បានលើកឡើងផងដែរថា កម្មវិធី«វិថីសេដ្ឋីក្មេង» ជាកម្មវិធីដ៏ល្បីល្បាញមួយនៃប្រទេសថៃ និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ព្រោះកម្មវិធីនេះ បានបង្ហាញពីការបំផុសគំនិតថ្មីៗ លើការចាប់ផ្ដើម អាជីវកម្មរបស់អ្នកជំនួយវ័យក្មេង ដោយមានវិធីសាស្រ្ដ និងការតស៊ូដើម្បីឈានជំហានឲ្យគោលដៅដែលខ្លួនចង់បាន យ៉ាងជោគជ័យ ហើយកម្មវិធីនេះ នឹងមានផលិតឡើងនៅប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
លោកស្រី បន្ដថា «កាន់តែពិសេស យើងមានជឿជាក់ខ្ពស់ថា កម្មវិធីនេះ នឹងផ្ដល់ជាបណ្ដុះគំនិតច្នៃប្រឌិតកាន់តែខ្ពស់បន្ថែមទៀត ខណៈដែលយើងមាន CEO Master Club ដែលដឹកនាំដោយលោក អោម សេងបូរ៉ា ដែលជាស្ថានិក និងជាប្រធាន នឹងផ្ដល់ជូននូវការបណ្ដុះបណ្ដាលយ៉ាងមានប្រសិទ្ធិភាព ក្នុងការឈានទៅជាសេដ្ឋីក្មេងនេះ បន្ទាប់ពីការចាក់ផ្សាយកញ្ចក់ទូរទស្សន៍ និងវេបសាយនោះ»។
គួរបញ្ជាក់ថា ក្រុមហ៊ុនBlue Media Films (Cambodia) បានទទួលសិទ្ធិក្នុងការផ្សព្វផ្សាយ និងផលិតកម្មវិធី «វិថីសេដ្ឋីក្មេង» ជាភាសាខ្មែរនៅកម្ពុជា ហើយក្រុមហ៊ុមនេះនឹងបង្កើតឲ្យមានកម្មវិធីកំសាន្ដបែបអប់រំថ្មីៗបន្ដទៀត ដើម្បីឆ្លើយតប ទៅនឹងទីផ្សារកម្ពុជា និងអាស៊ាននាពេលបច្ចុប្បន្ន៕