(សៀមរាប)៖ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បង្គោលអង់តែនទូរស័ព្ទចំនួន២១ នៅតំបន់អង្គរ នឹងបញ្ចប់ការតម្លើងនៅចុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះមានចំនួន១៨បង្គោល។
លោកបានឲ្យដឹងយ៉ាងដូច្នេះ តាមរយៈការធ្វើបទបង្ហាញស្ដីពី «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ច «បេតិកភណ្ឌ» របស់អ្នកសារព័ត៌មាន រយៈពេល៣យប់៤ថ្ងៃ លើទឹកដីអង្គរ។
លោក សេង សុធារ៉ា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រឹងប្រែងរៀបចំការតម្លើងបង្គោលអង់តែនទូរស័ព្ទចំនួន២១បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត។
បើតាមប្រធាននាយកដ្ឋានរូបនេះ, កន្លងទៅ អាជ្ញាធរជាតិអប្សរា បានរៀបចំបង្គោលអង់តែនទូរស័ព្ទចំនួន១៨រួចមកហើយ ដោយលោកសង្ឃឹមថា នឹងអាចបំពេញតម្រូវការប្រើប្រាស់សេវាបានគ្រប់គ្រាន់ ប៉ុន្តែបន្ទាប់ពីតម្លើងរួចប្រព័ន្ធសេវាមិនអាចបញ្ជ្រាបចូលបានល្អនោះទេ ដោយសារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានដើមឈើធំៗ ដែលជាបញ្ហាក្នុងការរារាំងសេវាទូរស័ព្ទឲ្យមានការរអាក់រអួល។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សម្រេចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ដើម្បីតម្លើងបង្គោលអង់តែនបន្ថែមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើតាមការគូសបញ្ជាក់របស់លោក សេង សុធារ៉ា៕