(បន្ទាយមានជ័យ)៖ ពិធីបុណ្យឯករាជ្យជាតិ ខួបទី៦៣ (៩វិច្ឆិកា១៩៥៣ ដល់ ៩វិច្ឆិកា២០១៦) ត្រូវបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាវិមានឯករាជ្យខេត្តបន្ទាយមានជ័យ ក្រោមអធិបតីលោក សួន បវរ អភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងឱកាសនោះ លោក សួន បវរ បានថ្លែងឲ្យដឹងថា «ការប្រារព្ធបុណ្យខួបអនុស្សាវរីយ៍នេះ ដើម្បីរំលឹកឡើងវិញនូវប្រវត្តិនៃ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ជាទិវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូចងចាំមិនអាចបំភ្លេចបាននូវ ព្រះរាជគុណដ៏មហាធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានខិតខំតស៊ូទាមទារមកវិញនូវ បូរណភាពទឹកដីកម្ពុជាពីអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យពេញលេញ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣»។
លោក សួន បវរ បានបន្តថា ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងយោធពលខេមរភូមិន្ទ ដែលបានកត់ត្រាទុក កន្លងមកនេះ គឺអាស្រ័យដោយស្នាព្រហស្តរបស់ ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបង្កើតកងយោធពលខេមរភូមិន្ទ និងដឹកនាំរហូតរៀងមក និងជាព្រះរាជតម្រិះដ៏ភ្លឺស្វាង របស់ព្រះអង្គ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ ធ្វើឲ្យកងយោធពលខេមរភូមិន្ទបានចាប់កសាងឡើងវិញ នៅឆ្នាំ១៩៩៣ ព្រមជាមួយគ្នានេះ ក៏អាស្រ័យដោយមាន ការដឹកនាំ និងចិញ្ចឹមថែរក្សាដោយផ្ទាល់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវ គោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ដែលមានកងយោធពលខេមរភូមិន្ទ ជាស្នូលក្នុងការអនុវត្តគោលនយោបាយនេះ។
នៅក្នុងពិធីនេះ គណៈអធិបតីបានដាក់កម្រងផ្កាក្នុងវិមានឯករាជ្យខេត្តបន្ទាយមានជ័យ ហើយសមាជិក-សមាជិកា នៃអង្គពិធីទាំងអស់ក៏បានធ្វើការស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជន អ្នកសេ្នហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុទាមទារឯករាជ្យជូនជាតិមាតុភូមិ ឲ្យរួចផុតពីអាណានិគមនិយមបារាំង។
ដើម្បីញាំងបរិយាកាសឲ្យកាន់តែអធឹកអធ័ម គណៈអធិបតីក៏បានដុតភ្លើងជ័យ បង្ហោះប៉េងប៉ោង និងពិធីលែងព្រាប ដើម្បីបួងសួងសុំឲ្យប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាពជារៀងរហូតតទៅ ហើយសុំឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនដូចប្រទេសនានា នៅលើសកលលោក៕