(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងសារលិខិតរបស់សម្ដេចមហាមន្ត្រីបានបញ្ជាក់ថា «តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារ នៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិច គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។
សម្ដេចមហាមន្ត្រីបញ្ជាក់បន្ថែមថា «ខ្ញុំសូមសម្តែងនូវការសោកស្ដាយដ៏ក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារនៃសព។ ការទទួលមរណភាពរបស់ ព្រឹន្ទបាលឯក សួន រ៉ោន គឺជាការបាត់បង់ស្វាមី និងឪពុក ដែលប្រកបទៅដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់នៃកូនចៅ និងជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន ដែលជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធព្រឹន្ទបាលឯក សួន រ៉ោន និងសូមវិញ្ញាណក្ខន្ធព្រឹន្ទបាលឯក អញ្ជើញទៅកាន់សុគតិភពកុំបីខាន»៕