(ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានបញ្ហាប្រឈមសំខាន់ៗបី ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ។

សម្តេចបានលើកឡើងបែបនេះ នៅក្នុងវេទិកា Nikkei ស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០២៥នេះ។ វេទិកានេះ ធ្វើឡើងប្រធានបទសម្រាប់ឆ្នាំនេះ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់»

បញ្ហាប្រឈមសំខាន់ៗចំនួនបី ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ដែលសម្តេចបានលើកឡើងនោះរួមមានដូចជា៖

ទី១៖ បញ្ហាជម្លោះទឹកដី ហើយជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់យើង៖ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគ យ៉ាងហោចណាស់នៅពេលនេះ។ ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើងនៅតាមតំបន់ជាច្រើនដែលមានភាពតានតឹងជាប្រពៃណីរួចទៅហើយ។ ដូច្នេះ អ្នកដឹកនាំទាំងអស់ត្រូវតែមានការឯកភាពគា្នលើគោលដៅ យុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម។ ក្នុងន័យនេះ យើងមិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈការពង្រឹង ទំនាក់ទំនងការទូត ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំង ការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។

ទី២៖ បញ្ហាសង្គ្រាមពាណិជ្ជកម្ម៖ សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ចុះខ្សោយ។ ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នាទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង។

ទី៣៖ បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ៖ បញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការដែលគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យបញ្ហាទាំងពីរខាងលើដែលខ្ញុំបានលើកឡើងកាន់តែស្មុគស្មាញអ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។ ការអនុវត្តដ៏ គ្រោះថ្នាក់បែបនេះអាចនឹងបង្កឱ្យមានការបែកបាក់, ការរំខាន, ការផ្តាច់ទំនាក់ទំនង, ការប្រឈម មុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង៕