(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៣២៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៧៣០គ្រួសារ មកពីភូមិចំនួន២ គឺភូមិប្រធាតុ និងភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី។

ពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុកសង្គមថ្មី មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។

នៅក្នុងឱកាសនោះដែរ លោក គឹម ចាន់បញ្ញា បានថ្លែងថា ការចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការប្តេជ្ញាចិត្តរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលលោកសន្យាថា នឹងចែកបណ្ណ​កម្មសិទ្ធដីធ្លី​​ជូនប្រជាពលរដ្ឋខេត្តព្រះវិហារ​ឱ្យអស់ក្នុងឆ្នាំ២០២៥ ស្របតាមការដាក់ចេញរបស់ក្រសួងរៀបចំដែនដី ក៏ដូចជាទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញការគ្រប់គ្រងដីធ្លី និងការផ្តល់សិទ្ធិមូលដ្ឋាន​ដល់ប្រជាពលរដ្ឋ​យ៉ាងច្បាស់លាស់ និងស្របច្បាប់។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ការចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ នឹងជួយបង្កើនសុវត្ថិភាព និងភាពជឿជាក់របស់ប្រជាពលរដ្ឋលើអចលនវត្ថុផ្ទាល់ខ្លួន និងជាជំហានដ៏សំខាន់​ក្នុងការជម្រុញការអភិវឌ្ឍន៍​ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ដីធ្លីដោយស្របច្បាប់​ឱ្យអស់លទ្ធភាព ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗជាដើម។​

ជាមួយគ្នានេះផងដែរលោក គីម ចាន់បញ្ញា ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋអំពីស្ថានភាពសន្តិសុខនៅតំបន់ព្រំដែនមុំបី ក្នុងស្រុកជាំក្សាន្ត ដែលកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ក្នុងនោះមានភាពតានតឹងខ្លះៗ​រវាងកងទ័ពកម្ពុជា និងថៃ។

លោកក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាណែនាំឲ្យប្រជាពលរដ្ឋមានការជឿជាក់លើសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់ក្នុងការចរចា និងការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដីផងដែរ៕