(ភ្នំពេញ)៖ រថយន្តយីឌុបរបស់កងដឹកជញ្ជួនលេខ៩០មួយគ្រឿង ដឹកអូសបានបុកគ្នាជាមួយរថយន្ត Lexus Rx 330 ដែលជារបស់មន្ត្រីយោធាយ៉ាងពេញទំហឹង នៅត្រង់ផ្លូវបំបែកស្ពានដែក ទៅចំការដូងបណ្តាលឲ្យរថយន្តយីឌុបដឹកអូសជ្រុលទៅធ្លាក់ស្ពាន និងបណ្តាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតធ្ងន់។
ហេតុការណ៍នេះបានកើតឡើង នាម៉ោង១៖៥០នាទីរលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថាមុនដំបូងគេ បានឃើញរថយន្ត Lexus ពាក់ស្លាកលេខខេមរភូមិន្ទ 01-2-1926 ដែលបើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣៧១យ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែក២១៧ ក៏មានរថយន្តយីឌុបដឹកអូសរបស់កងដឹកជញ្ជួនលេខ៩០ បានមកដល់ដែរភ្លាមៗនោះ ធ្វើឲ្យរថយន្តទាំង២បុកគ្នាយ៉ងពេញទំហឹង ដែលបណ្តាលឲ្យរថយន្តយីឌុប ដឹកអូសជ្រុកធ្លាក់ស្ពានចំណែករថយន្ត Lexus វិញខ្ទេចមួយកំណាត់មុខ តែមិនបណ្តាលមានមនុស្សរងរបួសធ្ងន់នោះទេ។
ក្រោយកើតហេតុរថយន្តទាំង២ ត្រូវបានកម្លាំងជំនាញចុះទៅវាស់វែងនឹងស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕