(ព្រះវិហារ)៖ លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ា ឡេង និមល បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។
លោកឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនចំពោះក្រុមគ្រួសារសព។
ជាមួយគ្នានេះលោកឧកញ៉ា បានចូលរួមបច្ច័យ និងអង្ករដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕