(កំពង់ចាម)៖ នៅក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា ត្រូវបានសមាជិក សមាជិកា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការសាខា បន្តទៀតនៅក្នុងអាណត្តិទី៦នេះ។
វិធីសន្និបាតនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីសំណាក់លោកស្រី ពុំ ច័ន្ទនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រី ពុំ ច័ន្ទនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានយកឱកាសនោះ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះមាតាជាតិខ្មែរ ដែលទ្រង់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រី អគ្គលេខាធិការ បានមានប្រសាសន៍ទៀតថា កាកបាទក្រហមកម្ពុជា ខុសពីអន្តរជាតិ ដែលសមាជិកសមាជិការបស់គេ ភាគច្រើនជាមន្ត្រីចូលនិវត្តន៍ ប៉ុន្តែនៅកម្ពុជាយើងមិនដូច្នោះទេ ពោលគឺសមាជិក សមាជិកាសុទ្ធតែជាមនុស្សសកម្ម ចូលមកដើម្បីធ្វើយ៉ាងណាឲ្យសមាគមជាតិមួយនេះក្លាយជាសមាគមដែលល្អ អនុវត្តតាមលក្ខន្តិកៈ ដែលជាសមាជិកភាពគំរូមួយ របស់ចលនាអន្តរជាតិ។
លោកស្រីបានបញ្ជាក់ទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម គឺជាសាខាគំរូមួយ ក្នុងការធ្វើសកម្មភាពនូវគ្រប់វិស័យអត្ថភាព និងសមត្ថភាពក្នុងការបំពេញភារកិច្ច។
លោកស្រីអគ្គលេខាធិការ បានឲ្យដឹងផងដែរថា ប្រយោជន៍នៃការធ្វើសន្និបាតនេះ គឺជាការបូកសរុបសកម្មភាពមួយអាណត្តិ ពីការចាប់ផ្ដើម និងដល់ទីបញ្ចប់នៃអាណត្តិ ទាំងសកម្មភាពការងារទាំងថវិកា ដើម្បីបង្ហាញឲ្យអ្នកសង្កេត ការណ៍ បានឲ្យដឹងថា រាល់ថវិកាដែលទទួលបានពីសប្បុរសជន តើយកទៅធ្វើអ្វីខ្លះ នឹងឱ្យពួកគាត់បានឃើញច្បាស់ អំពីភាពសកម្ម ឃើញច្បាស់អំពីតម្លាភាព និងគណនេយ្យភាព របស់សាខា៕