Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការ គោរពវិញ្ញាណក្ខន្ធសពយុទ្ធជនពលី​ សួន រ៉ោន ជាមួយនឹងការចុះត្រួតពិនិត្យទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព

29-05-2025 17:46

(ព្រះវិហារ)៖ ​លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកព្រិន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ដែលជាយុទ្ធជនពលីនៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់ព្រំដែនមុំបី កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត។​

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីរំជួលចិត្តចំពោះការបាត់បង់លោកព្រិន្ទបាលឯក សួន រ៉ោន ដោយបានចាត់ទុកថា មរណភាពរបស់លោក គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាកងយុទ្ធពលខេមរភូមិន្ទទាំងមូល ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រិន្ទបាលឯក សួន រ៉ោន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបាន បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋ ទៅកាន់កន្លែងសុវត្ថិភាព។ ការចុះពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីធានាថា ទីតាំងដែលប្រជាពលរដ្ឋជម្លៀសមក គឺជាទីតាំងប្រកបដោយសុវត្ថិភាពខ្ពស់។

បើតាមប្រភពពីមន្ត្រីនៅថ្នាក់មូលដ្ឋាន បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរបានធ្វើការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីកន្លែងសុវត្ថិភាពចំនួន១២គ្រួសារ នៅភូមិសែនរុងរឿង៥ ក្នុងឃុំរដោះស្រែ ស្រុកជាំក្សាន្ត។​ ដោយឡែកប្រជាពលរដ្ឋក្នុងឃុំមរកត ចំនួន២ភូមិ ឃុំជាំក្សាន្ត ចំនួន២ភូមិ ឃុំទឹកក្រហម ចំនួន២ភូមិ​និងឃុំស្រអែម ចំនួន១ភូមិ មិនទាន់បានធ្វើការជម្លៀសនៅឡើយទេ៕