(តូក្យូ)៖ ថ្លែងចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពេលបំពេញបេសកកម្មការងារ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ជប៉ុន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ទាំងការកសាងមូលធនមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅប្រទេសជប៉ុន ដែលមានវិនិយោគិន ចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន២២៧ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតីបានលើកឡើងថា ការរៀបចំវេទិកានេះ បញ្ជាក់ពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចដ៏ស៊ីជម្រៅ និងទំនាក់ទំនងទ្វេរភាគីដ៏រឹងមាំ រវាងកម្ពុជា-ជប៉ុន និងការពង្រឹងការប្ដេជ្ញាចិត្ដរួមគ្នា ក្នុងការ​វិនិយោគសក្ដានុពលដ៏ធំធេង នៃភាពជាដៃគូសេដ្ឋកិច្ច។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង៧ទសវត្សរ៍កន្លងមកនេះ កម្ពុជា-ជប៉ុន បានកសាងទំនាក់ទំនងការទូត ដ៏យូរអង្វែងប្រកបដោយ ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្ដគ្នា ដែលក្លាយជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣»។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការសន្ដិភាពរបស់កម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្ដល់ជំនួយរបស់ជប៉ុន បានចូលរួមចំណែកធំធេង ក្នុងការកសាងមូលធនមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបញ្ជាក់ថា ជប៉ុនជាដៃគូមិនអាចខ្វះបាន។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមសម្ដែងនូវអំណរគុណយ៉ាងស្មោះស័្មគ្រ ចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដ៏សំខាន់ ផ្ដោតលើការពង្រឹង និងការធ្វើទំនើបកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យក្លាយជាទៅកំពង់ផែតំបន់ និងមជ្ឈមណ្ឌល។

សូមជម្រាបថា វេទិកាធុរកិច្ច កម្ពុជា-ជប៉ុន ត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន (AMEICC) និងធនាគារមីស៊ូហ៊ុ (Mizuho)៕