(សៀមរាប)៖ ក្នុងដំណើរទស្សនកិច្ច «បេតិកភណ្ឌ» នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ អ្នកសារព័ត៌មានជាង ១០ស្ថាប័នបានជ្រើសរើសយក ភោជនីយដ្ឋាន «ម៉ែឌី» ដើម្បីទទួលទានអាហារពេលល្ងាច ជាមួយបរិយាកាសបែបខ្មែរបុរាណ។

អ្នកស្រី ឆុំ សុគុណ អ្នកគ្រប់គ្រងភោជនីយដ្ឋាន «ម៉ែឌី» លើកឡើងថា ភោជនីយដ្ឋានបែបផ្ទះបុរាណខ្មែរ នៅចំកណ្ដាលទីក្រុងសៀមរាបនេះ បានបង្កើតឡើង ដោយក្ដីស្រឡាញ់យ៉ាងធំធេងរបស់ម្ចាស់ហាងផ្ទាល់ និងដើម្បីរំលឹកអនុស្សាវរីយ៍ដល់ចាស់ៗជំនាន់មុនដែលបានមកទទួលទានអាហារនៅទីនេះ។

លើសពីការទទួលទានអាហារធម្មតា ភោជនីយដ្ឋាន «ម៉ែឌី» បានរក្សានូវ វប្បធម៌ អរិយធម៌ របស់ដូនតាខ្មែរ ជាពិសេសជាការតុបតែងរចនាបថបែបខ្មែរដែលបានរំលេចនូវការរស់នៅប្រចាំថ្ងៃ ការរៀបចំធ្វើម្ហូបអាហារ ពីជំនាន់មុនរបស់ប្រជាពលរដ្ឋខ្មែរ។ នេះបើតាមការបញ្ជាក់របស់ អ្នកស្រី ឆុំ សុគុណ។

បន្ថែមពីនេះ ភោជនីយដ្ឋាន «ម៉ែឌី» បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន មកទទួលទានអាហារដែលមានឱជារសបែបខ្មែរចំ និងបានចូលរួមជាចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ៕