(មណ្ឌលគិរី)៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា ភាពក្រីក្រ គឺជាសត្រូវរបស់យើង។ ក្នុងនាមប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលទើបទទួលបានតំណែងថ្មី ត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព កុំថ្អូញថ្អែរថា ហត់ លំបាក ហើយដើម្បីប្រជាពលរដ្ឋត្រូវប្រឹងប្រែងបម្រើបងប្អូនឱ្យអស់ពីចិត្តពីថ្លើម។
ការលើកឡើងបែបនេះ ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងក្នុងពិធីតែងតាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថ្មី លោក ធន សារី អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ជំនួសលោក យន់ សារ៉ោម ប្រធានមន្ទីរចាស់ ដែលសុំលាលែងពីតំណែងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
លោក ឆាយ ឬទ្ធិសែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី០៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ដ៏ម៉ឺងម៉ាត់ ថែរក្សាកេរដំណែលជាតិ ដូច្នេះក្នុងនាម មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន កសាងសមិទ្ធផលដែលមានស្រាប់ និងព្យាយាមបំពេញតួនាទីកាតព្វកិច្ចខ្លួនឲ្យបានល្អ។
លោករដ្ឋមន្ត្រី បន្តទៀតថា ខេត្តមណ្ឌលគិរី គឺជាខេត្តភូមិភាគឦសាន សម្បូរទៅដោយជនជាតិដើមភាគតិច។ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតជាសហគមន៍លើកស្ទួយជនជាតិដើមភាគតិចជាងគេ ក្នុងនោះ គឺមាន ១៥ខេត្ត ទូទាំងប្រទេសផងដែរ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ជនបទ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះ ក្នុងនាមមន្ត្រីជំនាញ មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវប្រឹងប្រែងស្ថាបនា មិនថា ផ្លូវលំ ផ្លូវបេតុង ឬឈានដល់ផ្លូវចាក់កៅស៊ូ ព្រោះវាជាសរសៃឈាមតែមួយគត់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដែលទើបតែទទួល មុខតំណែងថ្មី បានធ្វើការប្ដេជ្ញាចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរថា តួនាទីដែលទទួលបាននៅពេលនេះ លោកនឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញភារកិច្ចជាសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុចរិត ជូនក្រសួងអភិវឌ្ឍន៍ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីចូលរួមអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ០១។ ក្នុងនោះ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងចិរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ០៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
លោកប្រធានមន្ទីរថ្មី លើកឡើងទៀតថា លោកនឹងខិតខំដឹកនាំមន្ត្រីក្នុងការអនុវត្តការងារអភិវឌ្ឍន៍ជនបទក្នុងខេត្តមណ្ឌលគិរី ដោយបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្នតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងគមនាគមន៍ ជំរុញសរសៃឈាម នៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ។
ក្នុងនោះ ក្នុងគោលដៅឲ្យប្រជាជនជនបទមានសុខភាពល្អ រស់នៅមានឥរិយាបថល្អ អនុវត្តអនាម័យត្រឹមត្រូវតាមក្បួនខ្នាត ការជំរុញធ្វើ សកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្ដុះបណ្ដាល ជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជនជនបទដោយសុចរិត និងទទួលខុសត្រូវ៕