(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំនូវកិច្ចពិភាក្សាពិសេសមួយ ស្ដីពី «ការការពារព្រំដែន៖ ការធ្វើឱ្យសហរដ្ឋអាម៉េរិកមានសុវត្ថិភាពប្រសើរជាងមុន»។ កិច្ចពិភាក្សានេះបានធ្វើឡើងនារសៀលថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ នារាជបណ្ឌិត្យសភាកម្ពុជា។

ដែលមានវាគ្មិនចំនួន ៣រូប មកពីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ៖ លោក Jame Podboy មន្ត្រីផ្នែកអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនៃស្ថានទូតសហរដ្ឋអាមេរិក, លោក Benjamin Chiang ប្រធានផ្នែកកិច្ចការកុងស៊ុល នៃស្ថានទូតសហរដ្ឋអាមេរិក និងកញ្ញា Rona Rathod ប្រធានផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិក។

នាឱកាសនោះដែរ វាគ្មិនមកពីស្ថានទូតសហរដ្ឋអាម៉េរិក ក៏បានលើកឡើងពីផ្តល់វីហ្សាជូនប្រជាពលរដ្ឋកម្ពុជា ខណៈបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជា លើសពី ៥ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយស្របច្បាប់។ ដោយឡែកមានប្រជាពលរដ្ឋកម្ពុជា ជាច្រើនបានចាប់អារម្មណ៍ដោយស្នើសុំវីហ្សា មិនមែនអន្តោប្រវេសន៍ដោយមានការកើនឡើងជាង២០ភាគរយ សម្រាប់វីហ្សាអន្តោប្រវេសន៍ បានកើនឡើងប្រមាណ៦០ភាគរយឯណោះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បន្តស្វាគមន៍ចំពោះភាគីជាមិត្ត និងដៃគូសហការទាំងអស់ នៅក្នុងការរៀបចំវេទិកា ក៏ដូចជាកិច្ចពិភាក្សារួមគ្នាទៅលើប្រធានបទផ្សេងៗទៀត ដែលចូលរួមចំណែកផ្ដល់នូវធាតុចូល ក៏ដូចជាចំណេះដឹងល្អៗសម្រាប់សាធារណជន និងក្រសួងស្ថាប័ននានា៕