Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខ ជូនក្រុមគ្រួសារលោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

29-05-2025 10:17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងមានការសោកស្ដាយជាពន់ពេកក្រៃលែងជាមួយក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក នៅពេលបានទទួលដំណឹងថា លោកព្រិន្ទបាលឯក សួន ប៉ោន បានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពយោធិន សួន ប៉ោន ចំពោះការបាត់បង់ប្តី កូនប្រុសបង្កើត កូនប្រសារ ឪពុក និងបងប្អូន ជាទីគោរពស្រឡាញ់ ដែលបានផ្តល់នូវគុណតម្លៃដ៏ប្រពៃសម្រាប់គ្រួសារ ប្រកបដោយការទទួលខុសត្រូវ ខ្ពស់។ ព្រមជាមួយនេះផងដែរ ខ្ញុំ និងភរិយា ក៏សូមអរគុណដោយស្មោះសរ ចំពោះភាពអង់អាចក្លាហាន ការលះបង់ និងពលីដោយស្មារតីស្នេហាជាតិ មាតុភូមិ បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន កម្ពុជា របស់លោកព្រិន្ទបាលឯក សួន ប៉ោន រហូតដល់ថ្ងៃអវសាននៃជីវិត។

ខ្ញុំ និងភរិយា សូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក សួន រ៉ាន ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»