(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ព្រះតេជគណ តែម ម៉ាច តំណាងព្រះទេវសត្ថា ពឿយ មេត្តា បាននាំបច្ច័យរបស់ពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេស តាមរយៈកឋិនទាន នឹងយកទៅកសាងវត្តខ្មែរទាំង៨នៅប្រទេសឥណ្ឌា និងនេប៉ាល់។
ព្រះតេជគណ តែម ម៉ាច តំណាងព្រះទេវសត្ថា ពឿយ មេត្តា ព្រះចៅអធិការវត្តខ្មែរទាំង៨ មានថរៈដីកាថា បុណ្យកឋិនទានមហាសាមគ្គីដែលរៀបចំនៅបរិវេណវត្តបុទុមវត្តី នេះ គឺដើម្បីប្រមូលបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយដង្ហែយកកសាងវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិ ។
សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបញ្ចប់ពិធីបុណ្យកឋិនទាន កាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គកឋិនទាននេះ នឹងដង្ហែតាមគណៈធម្មយាត្រាទៅកាន់វត្តខ្មែរ នៅដែនដីពុទ្ធភូមិឥណ្ឌា-នេប៉ាល់ ដែលដឹកនាំដោយព្រះមហា តែម ម៉ាច។
ក្នុងដំណើរដង្ហែអង្គកឋិនមហាសាមគ្គីនេះ មានពុទិ្ឋបរិស័ទ និងព្រះសង្ឃ ១៧៥អង្គ នាក់ និងបច្ច័យដែលបានមកពីអង្គកឋិននេះ មានចំនួនជាង១ម៉ឺនដុល្លារ ។ ព្រះតេជគណ តែម ម៉ាច មានសង្ឃដីកាបញ្ជាក់ថា នឹងត្រឡប់មកវិញ នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៦៕