(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការគួរសម នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសង្កេតឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងច្រើន ជាពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗ ដោយរក្សាបាននូវរចនាបទខ្មែរយ៉ាងប្រណីត ដូចជាអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះជាដើម។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ ដូច្នេះស្ថានទូតវៀតណាមនិងកម្ពុជាបានខិតខំប្រឹងប្រែង ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបានអំពាវនាវនិងស្នើដល់បណ្ដាស្ថាប័ន ក្រុមហ៊ុនសហគ្រាសរបស់វៀតណាម អោយមកបន្តស្វែងរកឱកាសវិនិយោគបន្ថែមទៀត លើវិស័យនានាដូចជាកសិកម្មនិងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ពីព្រោះវៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងដែលត្រូវជួយគ្នាទៅវិញទៅមកនិងរួមគ្នាក្នុងកិច្ចអភិវឌ្ឍន៍។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតវៀតណាម និងសហការីដែលបានមកដល់ទីស្ដីការក្រសួងនាពេលនេះ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ការសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដី, អគារក្រសួងមហាផ្ទៃ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការពារជាតិ រួមជាមួយអគារអគ្គបញ្ជាការកងទ័ព និងអគារស្នងការនគរបាល ដែលត្រៀមនឹងសាងសង់នោះគឺជាស្ថាបត្យកម្មខ្មែរសហសម័យ ហើយនេះជានិមិត្តរូបនៃការរស់រានឡើងវិញនៃស្ថាបត្យកម្មខ្មែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាអ្វីដែលឯកអគ្គរដ្ឋទូតវៀតណាម និងសហការីបានមើលឃើញនោះ គឺមិនអាចកាត់ផ្ដាច់ពីការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តផ្នែកនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំទាំងបក្សទាំងរដ្ឋរបស់វៀតណាម ដោយបានលះបង់យ៉ាងច្រើនដើម្បីជួយកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដែលនេះគឺជាស្មារតីក្នុងនាមជាអ្នកជិតខាងគ្នា និងជាទំនៀមទម្លាប់ប្រពៃណីល្អរវាងប្រទេសទាំងពីរក្នុងការជួយគ្នាទៅវិញទៅមក ដោយកាលពីមុនកម្ពុជាក៏បានជួយវៀតណាម ក្នុងការបង្រួបបង្រួមជាតិផងដែរ។
ជាថ្មីម្ដងទៀត ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញប្រាប់អំពីដំណាំសក្តានុពលដូចជាស្រូវអង្ករ ស្វាយចន្ទី ទុរេន និងកាហ្វេជាដើម ដែលអ្នកវិនិយោគវៀតណាមអាចមកវិនិយោគលើប្រភេទដំណាំទាំងនេះនៅកម្ពុជា ដើម្បីបង្កើនការនាំចេញ។ លោកឧបនាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះអ្នកវិនិយោគវៀតណាម ដែលមានបំណងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទាំងវិស័យកសិកម្ម ធនាគារនិងអចលនទ្រព្យ ដោយកម្ពុជាឈរលើស្មារតីភាពជាបងប្អូន ជាអ្នកជិតខាងល្អដែលអាចរៀនរស់ជាមួយគ្នា និងរីកចម្រើនជាមួយគ្នាបាន៕