(ភ្នំពេញ)៖ កិច្ចពិភាក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រជាពលរដ្ឋ ៥៥៤គ្រួសារ រស់នៅសហគមន៍ប៊ូឌីញ ឬហៅអគារ «ស» ជុំវិញគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ មិនទាន់មានលទ្ធផលនៅឡើយទេ ហើយគ្រោងលើកយកមកពិភាក្សាបន្តនៅក្រោយព្រះរាជពិធីបុណ្យអុំទូក ខណៈពលរដ្ឋភាគច្រើនចង់បានលុយសំណង យកទៅទិញផ្ទះថ្មីមិនចង់រង់ចាំរស់នៅក្នុងអគារប៊ូឌីញ ដែលធ្វើថ្មីនោះឡើយ។
ការពិភាក្សាជាលើកទីពីរត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Arakawa របស់ជប៉ុន ដែលជាក្រុមហ៊ុនអនុវត្តគម្រោងអភិវឌ្ឍអគារប៊ូឌីញ ជាមួយពលរដ្ឋសហគមន៍ប៊ូឌីញជាច្រើនរយនាក់ផងដែរ។
ពលរដ្ឋសហគមន៍ប៊ូឌីញ «ស» បានលើកឡើងថា ពួកគាត់ភាគច្រើនចង់បានលុយនេះ ដើម្បីយកទៅទិញផ្ទះដោយខ្លួនឯង និងបង្កើតមុខរបររកស៊ីបន្ថែមទៀត។
មូលហេតុដែលប្រជាពលរដ្ឋចង់បានថវិកានេះ ដោយសារតែពួកគាត់មិនអាចរង់ចាំការសាងសង់អគារថ្មី ដែលមានរយៈពេលរហូតដល់ទៅ ៤ឆ្នាំបាននោះឡើយ។ ក្រុមប្រជាពលរដ្ឋបានបន្តថា បើទោះបីពួកគាត់យកលុយសំណងទៅ ទិញផ្ទះបាន ឬ មិនបានវាជាជម្រើសរបស់គាត់ សុំតែឲ្យក្រសួងធ្វើតាមសំណើរបស់ពួកគាត់ទៅបានហើយ ប្រសិនបើក្រសួងធ្វើមិនបានទេ ពួកគាត់សុខចិត្តបន្ដរស់នៅអគារប៊ូឌីញ «ស» ចាស់នេះបន្ដទៀត។
លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានពន្យល់ប្រាប់ពលរដ្ឋថា ប្រសិនបើពលរដ្ឋចង់បានលុយនេះ លោកខ្លាចក្រែងពលរដ្ឋយកទៅប្រើប្រាស់ខុសពេលវេលា ដែលនាំឲ្យមានការខាតបង់កាន់តែធ្ងន់ធ្ងរ។ មួយវិញទៀតប្រសិនបើពលរដ្ឋយកលុយទៅតាមអ្វី ដែលគាត់ត្រូវការ គឺទិញផ្ទះមិនបានក្នុងទីក្រុងនោះទេ ពោលនៅជាយក្រុងឯណោះ ហើយវាកាន់តែពិបាកដល់ពួកគាត់បន្ថែមទៀត។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់ កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕