(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យលោក David Puttnam បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្ម ជួយពង្រឹងនិងពង្រីកបន្ថែមទៀត នូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-ចក្រភពអង់គ្លេស ឲ្យមានទំហំធំឡើងដែលនាំមកនូវផល ប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន អះអាងថា «ច្បាស់ណាស់ គឺមិនថាតែកម្ពុជាទេគឺ ប្រទេសក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ត្រូវការស្ថិរភាព និងសន្តិភាពក្នុងការអភិវឌ្ឍប្រទេស ជាតិឲ្យរីកចម្រើន»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ បានជួបពិភាក្សាការងារជាមួយ លោក David Puttnam បេសកជនពិសេសរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មនៅរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ជាការឆ្លើយតប នៅក្នុងជំនួបនោះ លោក David Puttnam បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការធ្វើដំណើររបស់លោកផ្ទាល់ទៅកាន់ខេត្តមួយ ចំនួនក្នុងប្រទេសកម្ពុជា ដែលបានធ្វើឲ្យលោកមានជំនឿជឿជាក់យ៉ាងខ្លាំងលើការដឹកនាំរបស់សម្តេច ដែលបានធ្វើឲ្យកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស។
បញ្ជាក់នៅក្នុងជំនួបពិភាក្សាដដែលនោះ លោក David Puttnam ក៏បានជម្រាបជូនសម្តេចតេជោផងដែរ អំពីការចាកចេញរបស់ចក្រភពពីអង់គ្លេស ពីសហគមអឺរ៉ុប រហូតមកដល់ពេលនេះ ជាពិសេសនៅក្នុងដំណាក់កាលចរចានេះគឺពុំមានសញ្ញាណាមួយប្រែប្រួលដែលធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចក្រភពអង់គ្លេសឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ហើយសម្តេចជឿជាក់ថា តាមរយៈជំនួប ប្រជុំដ៏ស្និទ្ធស្នាលនេះ គឺបានពង្រឹងនូវចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងកម្ពុជា និងអង់គ្លេស កាន់តែរឹងមាំថែមទៀត៕