(ភ្នំពេញ)៖ ផ្លូវជាតិលេខ៥ ដែលកំពុងរងការខូចខាតខ្លាំងបន្ទាប់ពីសាងសង់ត្រឹមរយៈពេលខ្លីនោះ នៅពេលនេះក្រុមហ៊ុនសាងសង់របស់ចិន បានព្រមទទួលខុសត្រូវ និងធ្វើការជួសជុលឡើងវិញតាមការទាមទាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋទៅលើគុណភាពនៃការសាងសង់ផ្លូវជាតិលេខ៥ថា ដាក់ឲ្យពលរដ្ឋធ្វើដំណើរមិនទាន់ក្តៅគូថផងត្រូវខូចទៅវិញនោះ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានកោះហៅក្រុមហ៊ុនសាងសង់ចុះទៅពិនិត្យស្ថានភាពផ្លូវ និងកន្លែងដែលខូច ដោយផ្ទាល់តែម្តង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសួរដេញដោលពីបញ្ហាផ្លូវខូចជាមួយតំណាងក្រុមហ៊ុនសាងសង់ ហើយបានស្តីបន្ទោសឲ្យក្រុមហ៊ុនសាងសង់ធ្ងន់ៗ ព្រមទាំងដាក់កំហិតឲ្យក្រុមហ៊ុននេះជួសជុល និងមានការកែលំអរនូវចំណុចខ្វះខាតឡើងវិញផងដែរ។
លោក ស៊ុន ចាន់ថុល ថា «ក្រុមហ៊ុនចិនមានស្តង់ដារធ្វើផ្លូវល្អ ប៉ុន្តែមិនយកមកអនុវត្តនៅកម្ពុជា ខ្ញុំចង់ឲ្យផ្លូវនៅកម្ពុជាដែលធ្វើដោយក្រុមហ៊ុនចិនជាប់ និងរឹងមាំ និងត្រឹមត្រូវតាមបច្ចេកទេសស្តង់ដារ កុំឲ្យធ្វើខាងមុខ ខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខ ចាក់ស្តើង ស៊ីក្រាស់»។
មន្រ្តីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងដំណាក់កាលសាងសង់ខ្លួនបានផ្តល់យោបល់ជាច្រើន ទៅក្រុមហ៊ុនសាងសង់របស់ចិន តែក្រុមហ៊ុនចិនមិនបានស្តាប់តាមការផ្តល់យោបល់របស់មន្រ្តីបច្ចេកទេសរបស់ក្រសួងនោះឡើយ។
បន្ទាប់ពីការពិនិត្យរួមគ្នា និងទទួលបានការស្តីបន្ទោសពីលោក ស៊ុន ចាន់ថុល ផងនោះ ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនចិន បានធានាជួសជុលផ្លូវខូចឲ្យត្រូវតាមបច្ចេកទេស និងស្តង់ដាឡើងវិញ ហើយអ៊ុតកៅស៊ូ ៣ហ៊ុនបន្ថែមទៀត។ ក្រុមហ៊ុនចិន ក៏បានសន្យាធ្វើការកែសម្រួលប្រព័ន្ធបង្ហូទឹកតាមសួនច្បារឡើងវិញ កុំឲ្យទឹកហូរខូចផ្លូវ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងនឹងយកចិត្តទុកដាក់បន្ថែមទៀត នៅពេលដែលក្រុមហ៊ុនចិនមួយនេះ ចាប់ផ្តើមជួសជុលផ្លូវឡើងវិញ។ លោកបន្តថា ក្រសួងនឹងយកម៉ាស៊ីនត្រួតពិនិត្យជាប់ជានិច្ច ដើម្បីពិនិត្យមើលក្រុមហ៊ុន តើ ជួសជុលត្រូវតាមស្តង់ដារឫយ៉ាងណា? ហើយបើជួសជុលមិនត្រឹមត្រូវតាមស្តង់ដារ និងមិនអាចទទួលយកបានឡើយ។
ជាការកត់សម្គាល់រាល់គម្រោងផ្លូវ ដែលសាងសង់ដោយក្រុមហ៊ុនចិន តែងតែខូចជារឿយៗ បន្ទាប់ពីការសាងសង់មិនទាន់ទាំងបានដកដៃផុតផងនោះ។ មិនថាតែផ្លូវជាតិលេខ៥នោះទេ ដែលតម្រូវឲ្យមានការជួសជុលឡើង ផ្លូវជាតិលេខ៦ ចាប់ថ្នល់កែងបាធាយ ខេត្តកំពង់ ចាម រហូតដល់ក្រុងសៀមរាប ដែលទើបសាងសង់រួច ក៏តម្រូវឲ្យអ៊ុតកៅស៊ូបន្ថែមកម្រាស់ប្រមាណ ៣ហ៊ុនផងដែរ ដោយត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក៕