(ភ្នំពេញ)៖ នៅរយៈពេល១០ខែ ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានចំនួន៥,២៦១,១៨៦.៤៨ លានរៀល ដែលស្មើនឹងប្រមាណ ១,៣១៥.២៩លានដុល្លារ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី០៨​ ខែវិច្ឆិកានេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអង្គប្រជុំ បានសម្តែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ជាលទ្ធផល ក្នុងខែតុលា ឆ្នាំ២០១៦ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៤៩៦,១៤៦.៤៧លានរៀល ដែលស្មើប្រមាណជា១២៤.០៣ លានដុល្លារ ហើយសម្រាប់រយៈពេល១០ខែ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករសរុបដែលប្រមូលបាន មានចំនួន៥,២៦១,១៨៦.៤៨ លានរៀល ស្មើនឹងប្រមាណ ១,៣១៥.២៩លានដុល្លារ ប្រសិនបើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០១៥ ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ រយៈពេល១០ខែ ឆ្នាំ២០១៦ កើនឡើងចំនួន ៩០៦,២១០.២១លានរៀល ស្មើនឹងប្រមាណជា ២២៦.៥៥ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ២០.៨១%។

ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាម ប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួន ដូចជា៖ ពន្ធលើប្រាក់ចំណេញ កើនឡើង១៩.១%, ពន្ធលើប្រាក់បៀវត្សកើនឡើង ២៤.៩%,អាករលើតម្លៃបន្ថែម កើនឡើង២២.៩%, និងអាករពិសេសកើនឡើង២៦.១%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម  ក៏មានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្មផងដែរ។

ជាមួយគ្នានេះដែរ លោក គង់ វិបុល បានផ្តល់ការណែនាំបន្ថែមដល់គ្រប់អង្គភាព ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕