(ភ្នំពេញ)៖ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ និងចូលចិត្តមកញ៉ាំអាហារ ក្នុងហាងទសវត្សរ៍៦០ រហូតមក នៅក្នុងឱកាសបើកដំណើរការឡើងវិញ (សាខានៅក្បែរស្ថានទូតចិន) ហាងគុយទាវឆ្ងាញ់ទសវត្សរ៍៦០ មានការផ្ដល់ជូនពិសេស ដល់អតិថិជន នូវភេសជ្ជៈសុខភាព ដ៏មានឱជារសឈ្ងុញឆ្ងាញ់ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ប៊ុន គឹមសាន ម្ចាស់ហាងគុយទាវឆ្ងាញ់ ទសវត្សរ៍៦០ បានថ្លែងប្រាប់ Fresh News ថា ក្នុងឱកាសដែលហាងរបស់លោក បានបើកដំណើរការសាខាទី១ឡើងវិញ ដែលមានទីតាំងនៅក្បែរស្ថានទូតចិន (ខាងលិចស្ថានទូតចិន) ទើបនឹងការកែសម្រួលសោភណ្ឌភាពថ្មី ធំទូលាយជាងមុន ហាងយើងខ្ញុំនឹងមានការផ្ដល់ជាពិសេស ដល់អតិថិជន ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាអបអរសាទរ ថ្លែងអំណរគុណដល់អ្នកគាំទ្រ ហាងរហូតមក។ ភេសជ្ជៈសុខភាពស្រស់ៗ ដែលអតិថិជនទទួលបាន ដោយឥតគិតថ្លៃ នៅពេលចូលពិសារគុយទាវ, ហ្វើឡាវ ឬគុយទាវខគោ ក្នុងហាងទសវត្សរ៍៦០ មានដូចជា ទឹកសណ្ដែកក្រហម-ខ្មៅ-ខៀវ, ទឹកត្រាវ, ទឹកល្ពៅ និងទឹកពោត ជាដើម។
ម្ចាស់ហាងរូបនេះ បានបន្តថា ហាងគុយទាវឆ្ងាញ់ទសវត្សរ៍៦០ គឺជាហាងមួយមានឈ្មោះល្បីល្បាញ ជាយូរមកហើយ ព្រោះតែម្ហូបអាហារ ត្រូវបានចំអិនឡើង ផ្ដោតសំខាន់លើគុណភាព រសជាតិ អនាម័យ និងគិតគូដល់សុខភាព អ្នកទទួលទានជាចំបង ដោយអាហារដែលអតិថិជនទទួលស្គាល់ ហើយតែងតែចូលចិត្តញ៉ាំជាងគេ គឺមានដូចជា គុយទាវទូក, ហ្វើឡាវ និងគុយទាវខគោ ជាដើម។
លោកបន្ថែមថា លើសពីនេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហាងទសវត្សរ៍៦០ នឹងមានមុខម្ហូបពិសេសៗ ជាច្រើនទៀត ដូចជា បាយឆា-មីឆាសាំងហ្គាពួរ, ម្ហូបបែបហុងកុង, ថៃ,វៀតណាម និងឡាវ ដែលសុទ្ធសឹងតែមាន ឱជារសឆ្ងាញ់ពិសារ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អិថិជន នូវមុខម្ហូបបរទេសដ៏សម្បូរបែប បន្ថែមទៀត។
សូមបញ្ជាក់ថា ការផ្ដល់ជូនភេសជ្ជៈសុខភាព ពីហាងទសវត្សរ៍៦០ ក្នុងឱកាសដំណើរការសាខាថ្មីឡើងវិញនេះ គឺមានតែនៅសាខាទី១ ស្ថិតនៅក្បែរស្ថានទូតចិន តែប៉ុណ្ណោះ ខណៈហាងចាប់បើកលក់ពីម៉ោង៦ព្រឹក ដល់ម៉ោង១១៖០០នាទីថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ៕