(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកានេះ អង្គភាព Fresh News ទើបតែទទួលបាន លិខិតសុំទោស១ច្បាប់ របស់អគ្គនាយករង ទទួលបន្ទុកព្រៃឈើនៃអាជ្ញាធរអប្សរា ពាក់ព័ន្ធនឹងការកាប់ផ្តួលដើមគ្រញូង១ដើម នៅតំបន់អង្គរ កាលពីពេលថ្មីៗកន្លងមកនេះ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ របស់អាជ្ញាធរអប្សរា បានឲ្យដឹងថា ទោះបីជាមានលិខិតសុំទោសក៏ដោយ ក៏អាជ្ញាធរអប្សរា នឹងចាត់វិធានការសមស្របមួយ ចំពោះទង្វើររបស់បុគ្គលដែលប្រព្រឹត្តខុស និងប្រាសចាកពីវិជ្ជាជីវៈ ដែលបានអនុវត្តការងារ ដោយគ្មានការពិគ្រោះយោបល់ និងការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់អាជ្ញាធរអប្សរា ហើយដែលទង្វើនេះកំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អាជ្ញាធរអប្សរា។
សូមរំលឹងផងដែរថា អាជ្ញាធរអប្សរា មានភារកិច្ចក្នុងការថែរក្សាអភិរក្ស ប្រាសាទ បរិស្ថាន ព្រៃឈើ និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ ជាក់ស្តែង អាជ្ញាធរអប្សរា បានទទួលវិញ្ញាបនបត្រស្តង់ដារ គ្រប់គ្រងបរិស្ថាន ISO 14001 ពីស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance) តាំងពីឆ្នាំ ២០០៤ រហូតមក និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកតែមួយគត់ ដែលបានទទួលវិញ្ញាបនបត្រនេះ។
ម៉្យាងវិញទៀត អង្គរក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បងនៅលើពិភពលោក ដែលនេះជាមោទនភាពរបស់កម្ពុជា។ អាជ្ញាធរអប្សរា នឹងខិតខំបន្ថែមទៀត ដើម្បីបំពេញកិច្ចការងារជាប្រវត្តិសាស្រ្តរបស់ខ្លួន ជាពិសេសលើកតម្កើងតម្លៃរមណីយដ្ឋានអង្គរ តាមគោលការណ៍ «អភិរក្ស និងអភិវឌ្ឍន៍ប្រកដោយចីរភាព»៕