រដ្ឋមន្ត្រី ហួត ហាក់ និងរដ្ឋមន្ត្រី នេត្រ ភក្រ្តា សហការរៀបចំ «ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ»
27-05-2025 10:20
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការរៀបចំ «ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ នៅទីស្តីការក្រសួងព័ត៌មាន។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ពិធីផ្សព្វផ្សាយខាងលើត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណង ផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដែលជាយន្តការ ដើម្បីជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឲ្យបានច្រើនគ្រប់ខែ។
ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវ ទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ ខែតុលា។ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់៕