(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការលើ «វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ» ជូនមន្ត្រីទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈចំនួន ៩៦នាក់ មកពីស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែង។

ពិធីបើកវគ្គនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិត សឹង រេត តំណាងបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម។

ថ្លែងនៅក្នុងពិធីនោះ បណ្ឌិតអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការសាងនិងការអភិវឌ្ឍសមត្ថភាព គឺជាការងារអាទិភាព ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ជូនមន្ត្រីរាជការដែលទទួលមុខងារ តួនាទី ភារកិច្ច ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របពេលដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈ ត្រូវបានធ្វើបច្ចុប្បន្នកម្ម និងដាក់អនុវត្តជាបន្តបន្ទាប់។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាំងពីដំណាក់កាលទី១ មក សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាលនិងវិក្រឹតការ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល សំដៅរួមចំណែកគាំទ្រនិងអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ នៅក្នុងដំណាក់កាលនីមួយៗ។ ផែនការយុទ្ធសាស្រ្តនេះត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ទៅតាមតម្រូវការដែលឈានឡើងជាដំណាក់ៗ ស្របនឹងបរិបទប្រែប្រួលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបរិការណ៍ រួមនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ។ ការណ៍នេះ ធ្វើឱ្យការកសាងនិងការអភិវឌ្ឍសមត្ថភាព កាន់តែមានសារៈសំខាន់ថែមទៀត ព្រោះថា ការកែទម្រង់នេះបានឈានដល់ដំណាក់កាលស្មុគស្មាញ ហើយសិទ្ធិអំណាចនិងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរឱ្យក្រសួងស្ថាប័ននិងមន្ទីរអង្គភាពក្រោមឱវាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព ប្រសិទ្ធភាព សង្គតិភាព ភាពត្រឹមត្រូវ ទាន់ពេលនៃព័ត៌មាននិងទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ ព្យាករ និងធ្វើឱ្យការសម្រេចចិត្តកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។ ប្រព័ន្ធ FMIS ជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រការសម្រេចជោគជ័យ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រព័ន្ធ FMIS នេះ បានក្លាយជាឧបករណ៍ស្នូលក្នុងការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និង ការត្រួតពិនិត្យលើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ជាពិសេស មុខងារអនុវត្តកិច្ចលទ្ធកម្មសាធារណៈពេញលេញ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS និង កំពុងអនុវត្តនៅតាមក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាលមួយចំនួនផងដែរ។

ការណ៍នេះ ឆ្លុះឱ្យឃើញពីសារៈសំខាន់និងភាពចាំបាច់នៃវគ្គបណ្តុះបណ្តាល និងវិក្រឹតការជាស៊េរីលើ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» នាពេលនេះថាពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់ស្ថាប័នអនុវត្តលទ្ធកម្មនៃក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ សំដៅរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និង សង្គតិភាព នៃការគ្រប់គ្រងថវិការដ្ឋ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕