(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកដ៏សែនមនោរម្យ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ។

តាមរយៈការបណ្តុះបណ្តាលនេះ បានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) និងការរៀបចំឲ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិកា ឧកញ៉ា លោក លោកស្រី តំណាងគណៈអភិបាលរាជធានីភ្នំពេញ តំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមស្ប៉ា និងម៉ាស្សាសុខភាព សមាគមសណ្ឋាគារកម្ពុជា អង្គការនិងដៃគូអភិវឌ្ឍន៍ តំណាងមកពីគ្រឹះស្ថានសិក្សានានា លោកគ្រូ អ្នកគ្រូ លោក លោកស្រី លោកអ៊ំ ពូ មីង បងប្អូន សិក្ខាកាម ចំនួន ២៥០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធី រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី វិស័យទេសចរណ៍ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)» និងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសមត្ថភាពបុគ្គលិកដែលបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ជាពិសេសបងប្អូន ដែលជាជនមានពិការភាពភ្នែកឱ្យទទួលបាននូវការពង្រឹងសមត្ថភាពបន្ថែមលើចំណេះដឹងថ្មីៗ និន្នាការទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញស្ប៉ា ជំនាញកាយវិភាគវិទ្យា និងសរីរៈវិទ្យាផងដែរ៕