(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល និងថតរូបអនុស្សាវីរិយ៍ជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិចំរុះសាសន៍ដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ដ៏រស់រវើក សកម្មភាពចំរុះ និងមានបរិយាកាសស្រស់ស្រាយក្រោមជំនោរខ្យល់ទន្លេចតុមុខដ៏ត្រជាក់ និងបរិសុទ្ធ ដោយក្តីសោមន្សរីករាយ និងស្និទ្ធិស្នាលដែលជាមិត្តភាពដ៏រឹងមាំមិនអាចបំបែកបានឡើយ៕