(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សមាគមនរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការពលកម្មអន្តរជាតិ (ILO) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខារួមគ្នាលើងនុស្សរណៈ នៃការយោគយល់ស្តីពី «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» ដើម្បីជំរុញឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា មានភាពកាន់តែល្អប្រសើរថែមទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពេលចុះហត្ថលេខាថា អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ នឹងបន្តទ្រ ទ្រង់ហិរញ្ញវត្ថុ កិច្ចសហការកាន់តែប្រសើរ និងការផ្ទេរចំណេះដឹងផ្នែកអធិការកិច្ចការងារដល់មន្រ្តីការងារ ឲ្យស្របនឹងការវិវត្តន៍ នៃស្ថានការណ៍បច្ចុប្បន្ន និងអនាគត។

លោករដ្ឋមន្រ្តី បានបន្តទៀតថា ការដាក់ចេញគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម នឹងបទដ្ឋានការងារ កាលពីឆ្នាំ២០០១ បានលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា សម្រាប់គោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ហើយបានក្លាយជាគំរូសម្រាប់ប្រទេសផ្សេងទៀតយកធ្វើជាបទពិសោធន៍ ដែលបានបង្កើនទំនុកចិត្តដល់អ្នកម្ចាស់ម៉ាកយីហោល្បីៗ ក្នុងការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌពីកម្ពុជា កាន់តែច្រើនឡើងៗរៀងរាល់ឆ្នាំ។

ដោយឡែកលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ និងធានាបាននូវនិរន្តរភាព និងសក្តានុពល នៃការនាំចេញផលិត ផលនៃវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងនៅកម្ពជា។ លោករដ្ឋមន្រ្តីបានបន្តថា ការបន្តអនុស្សារណៈយោគយល់គ្នាពេលនេះ នឹងបង្កើនភាពជាដៃគូក្នុងកិច្ចសហការ ដើម្បីឈានទៅសម្រេចបានគោលដៅផែនទីបង្ហាញផ្លូវឆ្នាំ២០១៨ គឺការផ្ទរចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ល្អៗពីកម្មវិធីមកកាន់មន្ត្រីអធិការកិច្ចរបស់ក្រសួង។

យោងតាមរបាយការណ៍ពីអង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា ឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពុជាក្នុងឆ្នាំ ២០១៥ មានចំនួន ១,១០៤ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករនិយោជិតជាស្ត្រីភាគច្រើនជាង ៧០ម៉ឺននាក់។ ស្របគ្នានេះ ទំហំទឹកប្រាក់ នៃការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេស បានកើនរហូតដល់ ៨,០៣៧ លានដុល្លាអាមេរិក នៅឆ្នាំ២០១៥ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ បានកើនដល់ ៥,៧៤១លានដុល្លារអាមេរិក៕