Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ប្រកាសថា នឹងជួបជាមួយមេដឹកនាំអាស៊ាន និងសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

26-05-2025 22:58

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានប្រកាសថា នឹងជួបជាមួយមេដឹកនាំអាស៊ានផ្សេងៗ ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

លោកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ចំពោះដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិមីយ៉ាន់ម៉ា ដោយលើកឡើងពីសារៈសំខាន់នៃ «ការចូលរួមដោយស្ងប់ស្ងាត់» និងតួនាទីវិវត្តរបស់អាស៊ាន ក្នុងការស្វែងរកដំណោះបញ្ហាក្នុងតំបន់ដ៏ស្មុគស្មាញ។

នេះបើតាមការផ្សាយដោយសារព័ត៌មានសិង្ហបុរី The Online Citizen នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ លោក អាន់វ៉ា បាននិយាយថា ទំនាក់ទំនងការទូតដ៏ទន់ បានធ្វើឱ្យមានវឌ្ឍនភាពប្រកបដោយអត្ថន័យ ទោះបីជាមានការប្រឈមខ្លាំងក៏ដោយ។

លោកបានកត់សម្គាល់ថា អាស៊ានសម្រេចបាននូវវឌ្ឍនភាពបន្ថែម តាមរយៈការបង្កើតក្រុមប្រឹក្សាក្រៅផ្លូវការសម្រាប់ភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥។ ក្រុមនេះត្រូវបានដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងរួមមានការចូលរួមពីឥស្សរជនក្នុងតំបន់។

លោកបានបន្ថែមថា កិច្ចប្រជុំលើកមុនដែលធ្វើឡើងនៅប្រទេសប្រ៊ុយណេ ដារូសាឡឹម មានការយាង​ចូលរួមដោយ ព្រះចៅ ស៊ុលតង់ ហាស្សាន់ បូលគីយ៉ា ខណៈសម័យប្រជុំ​លើកទី៣ នៅទីក្រុងបាងកក​ប្រទេសថៃ បានរួមចំណែកដល់ការរីកចម្រើនជាក់ស្តែង។ ជំនួបបន្ទាប់នឹងធ្វើជាម្ចាស់ផ្ទះដោយអតីតនាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕