(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានផ្ញើលិខិតអបអរសាទរជូន ឯកឧត្តម ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចំពោះការបញ្ចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ប្រទេសទីម័រឡេស្តេ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនឯកឧត្តម រដ្ឋាភិបាល សភាជាតិ និងប្រជាជនទីម័រឡេស្តេ ចំពោះការបញ្ចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ប្រទេសទីម័រឡេស្តេ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ ខាងមុខ, បន្ទាប់ពីទីម័ឡេស្តេ ត្រូវបានបញ្ចូលជាគោលការណ៍ជាសមាជិកទី១១ របស់អាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ កម្ពុជា កាលពីឆ្នាំ២០២២»។
ក្រោយពេលដែលខ្ញុំទទួលបានព័ត៌មាន អំពីការប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួរ ដោយ ឯកឧត្តម ដាតុ សេរី អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន, ខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចប្រឹងប្រែងប្រកបដោយការលះបង់របស់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ កន្លងមក ត្រូវបានទទួលស្គាល់ប្រកបដោយភាពសក្ដិសម។ ព្រឹត្តការណ៍ដ៏សំខាន់នេះ គឺមិនត្រឹមតែជាមោទនភាពសម្រាប់ទីម័ឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូលផងដែរ ស្របពេលដែលយើងកំពុងបោះជំហានទៅមុខជាមួយគ្នា ឈរលើស្មារតីសាមគ្គីភាព ក្នុងបរិការណ៍នៃពិភពលោក ដែលពោរពេញដោយបញ្ហាប្រឈមដ៏ស្មុគ្រស្មាញ និងផ្លាស់ប្តូរឆាប់រហ័ស។
ជាមួយនឹងការអរគុណចំពោះការប្តេជ្ញារបស់អាស៊ានចំពោះសមាហរណកម្មតំបន់ កម្ពុជាក្នុងនាមជាមិត្តនិង ជាដៃគូឥតងាករេ មានជំនឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យសហគមន៍ តំបន់របស់យើង កាន់តែសំបូររុងរឿងថែមទៀត និងរួមចំណែកប្រកបដោយអត្ថន័យ ចំពោះចក្ខុវិស័យរួម របស់យើង ក្នុងការពង្រឹងសាមគ្គីភាព ភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។
ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម មិនត្រឹមតែក្នុងស្មារតីនៃមិត្តភាពយូរអង្វែងរបស់ យើងប៉ុណ្ណោះទេ ថែមទាំងក្នុងនាមជាសមាជិកអាស៊ានដូចគ្នាផងដែរ ដើម្បីជំរុញសេចក្តីប្រាថ្នារួម សម្រាប់តំបន់ និងពិភពលោក៕