(រតនគិរី)៖ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអណ្តូងស្អាតចំនួនប្រាំបី ជូនដល់ប្រជាពលរដ្ឋ ដែលជាជនជាតិភាគតិចក្រីក្រ នៅខេត្តរតនគិរី។
ពិធីនេះត្រូវបានធ្វើឡើងក្រោយអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងលោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនង កិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា។
លោកលី ធុជ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន កំពុងជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបរទេស មកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំនៅកម្ពុជា បានវិនិយោគទុនរាប់រយលានដុល្លារ នៅកម្ពុជា បានបង់ប្រាក់ពន្ធរាប់លាន ជារៀងរាល់ឆ្នាំ ជូនដល់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ ក្នុងការអភិវឌ្ឍប្រទេស និងផ្តល់ការងារបន្ថែម។
លោកបន្ដថា លើសពីនេះទៀត ក្នុងចំណោមបណ្តាគម្រោងផ្នែកកិច្ចការ ជួយសង្គមរបស់ក្រុមហ៊ុន Heineken ប្រចាំនៅកម្ពុជា បានចូលរួមចំណែកថវិកាជួយដល់ប្រជាជន ជនជាតិភាគតិច នៅក្នុងខេត្តរតនគីរី តាមរយៈការផ្តល់អណ្តូងទឹកស្អាត និងជួសជុលអណ្តូងទឹក ដែលកន្លងមកតែងតែកង្វះទឹកស្អាត បង្កនូវបញ្ហាសុខភាពសង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជននៅតាមជនបទ ពិសេសកុមារ ស្ត្រីនិងមនុស្សចាស់ជរា។
លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានថ្លែងផងដែរថា ទឹកស្អាត ជាតម្រូវការចាំបាច់ ជាមូលដ្ឋានដើម្បីធានានូវសុខភាព និងសុខមាលភាព សម្រាប់សហគមន៍ជនបទ នៅខេត្តរតនគីរី ហើយតំបន់មួយចំនួន នៅតែខ្វះប្រភពទឹកស្អាត និងពឹងផ្អែកលើស្រះតូចៗ និងអូរ ដែលរីងស្ងួត ក្នុងអំឡុងរដូវគ្រោះរាំងស្ងួត។ ដូច្នេះ អណ្តូងស្នប់ថ្មីចំនួនបួន និងអណ្តូងចាស់ចំនួនបួន ដែលបានជួសជុលហើយ នឹងផ្តល់នូវអត្ថប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋចំនួន១,២៥៤ នាក់ក្នុង៦ភូមិ ៣ស្រុក ក្នុងខេត្តរតនគីរី។
ពលរដ្ឋម្នាក់រស់នៅភូមិតាហ៊ឺយ បានឱ្យដឹងថា មុនពេលទទួលបានអណ្តូងទឹកស្អាតទាំងនេះ អ្នកភូមិរបស់គាត់ ត្រូវដើរពីបីគីឡូម៉ែត្រកាត់តាមចម្ការ ឬព្រៃដើម្បីដងទឹកពីអូរ ពិសេសការទៅដងទឹក កាន់តែពិបាកចំពោះស្ត្រី ពីព្រោះពួកគាត់ត្រូវបីកូនទៅជាមួយផងដែរ។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិវាលឆ្កែហត់ បានឱ្យដឹងថា ស្រះដែលមានទីតាំងស្ថិតប្រហែលជាមួយរយម៉ែត្រ ពីផ្ទះរបស់គាត់ ជាប្រភពទឹកសំខាន់ សម្រាប់ក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិផ្សេងទៀត ។ ប៉ុន្តែ ស្រះទឹកនេះមិនត្រឹមតែបំពេញតម្រូវការរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានប្រើប្រាស់ ដោយសត្វផ្សេងៗ ដែលបណ្តាលឲ្យទឹកស្រះឡើងកខ្វក់មិនស័ក្តិសម សម្រាប់ប្រើប្រាស់ ពិសេសក្នុងអំឡុងពេលរដូវគ្រោះរាំងស្ងួត។
គួរបញ្ជាក់ថា អណ្តូងទឹកស្អាត ដែលបានឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំនៅកម្ពុជា នឹងជួយកាត់បន្ថយយ៉ាងច្រើន នូវបញ្ហាតម្រូវការទឹកស្អាត និងកែលម្អជីវភាពរស់នៅ របស់ប្រជាជន ក្នុងតំបន់ជនបទនៃខេត្តរតនគិរី ហើយក្រុមហ៊ុន ក៏បានជំរុញឱ្យប្រជាសហគមន៍ថែទាំអណ្តូងទាំងនេះ ឲ្យបានគង់វង្ស ដើម្បីធានាឲ្យបាននូវការប្រើប្រាស់រយៈពេលវែង៕