(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះកញ្ចុះស្បូវ នៅក្នុងភោជនីយដ្ឋានយីហោ «តន្រ្តីក្ដាមស្រែ» ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែបានរលត់ទៅភ្លាមៗ ដោយសារតែក្រុមបុគ្គលិក និងថៅកែហាងពន្លត់ខ្លួនឯងទាន់ពេលនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅពេលកើតហេតុនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានទៅជួយអន្តរាគមន៍ ប៉ុន្តែត្រូវបានម្ចាស់ហាងបិទទ្វារមិនឲ្យចូលនោះឡើយ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កញ្ចុះអង្គុយផឹកស៊ីចំនួន៤ ត្រូវបានភ្លើងឆេះ ដែលបណ្ដាលមកពីកម្ទេចផ្កាភ្លើង មកពីជាងផ្សាដែកធ្លាក់លើ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់គ្រោះអគ្គិភ័យនេះ មិនមាននរណាម្នាក់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួស ឬក៏អត់នោះឡើយ ព្រោះនៅពេលកើតហេតុនោះ ម្ចាស់ហាង រួមនិងបុគ្គលិកបម្រើការងារនៅក្នុងនោះ បានរួមគ្នាពន្លត់ មិនបានពឹងផ្អែកលើរថយន្តពន្លត់អគ្គិភ័យ និងទទួលយកការអន្តរាគមន៍ពីអាជ្ញាធរ សមត្ថ កិច្ចនោះឡើយ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ម្ចាស់ហាងខាងលើ បានទាញទ្វាររបងបិទជិត និងមិនបានអនុញ្ញាត ឲ្យនរណាម្នាក់បានចូលទៅពិនិត្យមើល ពីស្ថានភាពនៃការឆាបឆេះនោះទេ ម្នាក់ៗបានត្រឹមឈរនៅខាងក្រៅ តោងរបងអឺតមើលទៅខាងក្នុងតែប៉ុណ្ណោះ ដោយពួកគេនិយាយថា បានពន្លត់ភ្លើងរលត់វិញហើយ៕