(កាលីហ្វ័រនីញ៉ា)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ និងគណៈប្រតិភូ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បាន អញ្ជើញ ទស្សនកិច្ច និងស្វែងយល់អំពីកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ និងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា នៅសាកលវិទ្យាល័យ San Francisco នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានធ្វើទស្សនកិច្ចបរិវេណសាកលវិទ្យាល័យ និងបន្ទប់ពិសោធន៍នានាផងដែរ។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងលើកឡើងពីឱកាសសម្រាប់យុវជនខ្មែរក្នុងការចូលរួមរួចចំណែកក្នុងការកសាងធនធានមនុស្ស និងជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

លោករដ្ឋមន្រ្តីក៏បានសម្តែងការកោតសរសើរដល់បញ្ញាវន្តដែលទទួលបានការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្អៗ និងនិស្សិតខ្មែរ ដែលទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក និងបានផ្តាំផ្ញើដល់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះជំនាញ ហើយនៅពេលវិលត្រឡប់មកប្រទេសវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្វាគមន៍ទទួល។

អ្នកជំនាញ ធុរជន និងនិស្សិតខ្មែរដែលចូលរួមបានថ្លែងអំណរគុណចំពោះការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក៏បានលើកឡើងពីសេចក្តីសង្ឃឹម និងការប្តេជាចិត្តក្នុងការយកចំណេះដឹងនិងជំនាញមកអភិវឌ្ឍប្រទេសជាតិ៕