(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា, ឡាវ និងវៀតណាម បានបង្ហាញការពេញ​ចិត្តចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំង៣ ដែលមានភូមិផងរបងជាប់គ្នា។

ការគូសរំលេចនេះ បានធ្វើឡើងក្នុងជំនួបពិសារអាហារការងារពេលព្រឹក​ រវាង​​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​បណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី ឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី វៀត​ណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម តែងតែឆ្លៀតជួបពិភាក្សាការងារ រាល់ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អា​ស៊ាន និងកិច្ចប្រជុំដទៃទៀត តាំងពីនាយករដ្ឋមន្ត្រីមុនៗមកម្ល៉េះ។ ជំនួប​ដែល​ស្ទើរក្លាយជាប្រពៃណីនេះ ធ្វើឡើងដើម្បីរឹតចំណងមេត្រីភាព និងកិច្ច​សហ​ការរវាងប្រទេសទាំង៣។

ក្នុងជំនួបនេះក្រៅពីបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងហើយនោះ នាយករដ្ឋមន្ត្រីប្រទេសទាំង៣ បានវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍន​ភាព​​នៃកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីក​ជាបន្តបន្ទាប់។ ជាមួយគ្នានេះ មេដឹកនាំទាំងបី បានពិភាក្សាអំពីការជំរុញកិច្ច​សហ​ប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យ​ពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេស​ចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ។

ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និង​អន្តរជាតិ៕