(គួឡាឡាំពួរ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួម កិច្ច សន្ទនា រវាង ក្រុម ប្រឹក្សា ពិគ្រោះយោបល់ អាស៊ាន និង ថ្នាក់ ដឹកនាំអាស៊ាន ដែល ប្រព្រឹត្តទៅ នៅ មជ្ឍមណ្ឌល សន្និសីទ គួឡាឡាំពួ នារសៀល ថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ ។

ក្នុងឱកាស នៃកិច្ចពិភាក្សានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានដាក់របាយការណ៍អនុសាសន៍ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន ដែលផ្តោតលើការជំរុញសមាហរណកម្ម អាស៊ាន។ ចំនុច អាទិភាពសំខាន់ៗ រួមមាន៖ ១) ការ លើកកម្ពស់ ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេស សមាជិក អាស៊ាន។ ២) ជំរុញការធ្វើសមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច។ ៣) ការបង្កើតក្របខណ្ឌប្រកបដោយចីរភាព និងបរិយាប័ន្ន និង៤) ការកសាងអាស៊ាន ឌីជីថល ដែលធន់នឹងវិបត្តិ។

អនុសាសន៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើសារៈសំខាន់ នៃការរួបរួមទីផ្សារស្របទៅនឹងមូលបទ នៃម្ចាស់ផ្ទះម៉ាឡេស៊ី គឺបរិយាប័ន្ន និង ចីរភាព។
ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល អាស៊ាន បានផ្តល់ នូវមតិឆ្លើយតប និងទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគមន៍ធុរកិច្ច ក្នុងការសម្រេចឲ្យបាន នូវគោលបំណងសហគមន៍ សេដ្ឋកិច្ច អាស៊ាន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើ នូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់បញ្ហាប្រឈមនានា សំដៅសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច៕