(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតអបអរសាទរជូន កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ដែលត្រូវបានព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា»។
សម្តេចបានលើកឡើងថា ការប្រោសព្រះរាជទាននូវគោរមងារដ៏ថ្លៃថ្លានេះ ពិតជាស័ក្តិសមឥតខ្ចោះចំពោះ សម្តេច ដែលបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការ ចូលរួមតស៊ូរំដោះជាតិកម្ពុជា និងស្វែងរកសុខសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជា។ ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចមានស្វាមីភក្តិយ៉ាងគត់មត់ចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានយ៉ាងខ្ជាប់ខ្ជួន។
សម្តេចតេជោបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចកន្លងមក សម្តេចឥស្សរវិទេសបញ្ញា ដែលជាអ្នកការទូតដ៏ឆ្នើម បានចូលរួមក្នុងការចរចាយ៉ាង ស្វិតស្វាញ និងស្វាហាប់ក្នុងសន្និសីទអន្តរជាតិជាច្រើនទទួលបានជោគជ័យត្រចះត្រចង់, បានចូលរួមលើកកម្ពស់ វិស័យការទូតនិងពង្រីកទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសជាមិត្ត, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបាន ល្អ ដោយរក្សាបាននូវឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ ក្រៅពីនោះ សម្តេច ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក សូមប្រសិទ្ធិពរជ័យ សិរីសួស្តី មហាប្រសើរ វិបុលសុខគ្រប់ប្រការ ចំពោះ សម្តេច ឥស្សរវិទេស បញ្ញា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕