(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកព្រឹត្តិការណ៍មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ វាក៏ជាវេទិកាមួយសម្រាប់ផ្តល់ឱកាសឱ្យក្មួយៗបានបង្ហាញសមត្ថភាព និងបានជួបប្រាស្រ័យជាមួយមិត្តភក្តិថ្មីៗ ប្រកបដោយក្តីសប្បាយរីករាយ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទ «មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមនេះ យើងមានគោលបំណងបង្កើតព្រឹត្តិការណ៍មួយសម្រាប់ក្មួយៗកុមារដែលមានអាយុចន្លោះពី៨ ទៅ ១៣ឆ្នាំ អាចស្វែងយល់អំពីចំណង់ចំណូលចិត្តសិល្បៈរបស់ខ្លួន និងអភិវឌ្ឍទំនុកចិត្តក្នុងការបញ្ចេញមតិរបស់ពួកគេតាមរយៈបទចម្រៀង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលនៃសិល្បៈក្នុងការបញ្ជ្រាបកាអប់រំ យ៉ាងមានប្រសិទ្ធភាព។ ព្រមជាមួយគ្នានេះដែរ ក៏សូមកោតសរសើរគណៈកម្មការរៀបចំមហោស្រព ដែលបានខិតខំប្រឹងប្រែង ចាប់តាំងពីពេលរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ រហូតដល់ការអនុវត្តដំណើរការវាយតម្លៃប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមអរគុណដល់សមាជិកគណៈកម្មការដាក់ពិន្ទុទាំង ៤រូប ដែលបានដាក់ចេញនូវលក្ខណៈវិនិច្ឆ័យច្បាស់លាស់ រួមមាន៖ ចង្វាក់ ខ្លឹមសារ គុណភាពសំនៀង និងការសម្តែងនៅលើឆាក ហើយដែលបានផ្តល់នូវភាពយុត្តិធម៌ក្នុងដំណើរការនៃការវិនិច្ឆ័យដាក់ពិន្ទុ និងសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្រដ៏ធំធេងពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសាលារៀន ដែលបានបណ្តុះបណ្តាលទេពកោសល្យសិល្បៈវ័យក្មេងទាំងនេះ និងលើកទឹកចិត្តពួកគេឱ្យសម្រេចបាននូវសក្តានុពល និងដើរតាមក្តីស្រមៃរបស់ពួកគេ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា កក៏សូមថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ ដែលបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះអាចដំណើរការរហូតដល់ទីបញ្ចប់បានដោយជោគជ័យ។ ការវិនិយោគរបស់បងប្អូនទៅលើក្មួយៗកុមាររបស់យើង គឺជាការរួមចំណែកវិនិយោគដើម្បីអនាគតប្រទេសជាតិរបស់យើង ស្របទៅនឹងប្រធានបទរបស់មហោស្រពយើង «កុមារ៖ អនាគតយើង ការទទួលខុសត្រូវយើង»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅពេលដែលក្មួយៗចាកចេញពីលើឆាកនេះនៅថ្ងៃនេះ សូមក្មួយៗយកទៅជាមួយនូវអនុស្សាវរីយ៍នៃការសម្តែងរបស់ក្មួយៗ ក៏ដូចជាទំនុកចិត្តដែលក្មួយៗមានក្នុងការបំផុសគំនិតអ្នកដទៃតាមរយៈសំនៀង និងសិល្បៈរបស់ក្មួយៗ ដែលជាការចូលរួមចំណែកវិជ្ជមានដល់សង្គមជាតិ៕