(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានប្រកាសជាផ្លូវការថា ខ្លួនបានទិញសិទ្ធិរឿង «នាងផ្កាយព្រឹក» ដ៏ល្បីកាលពីជាង១០ឆ្នាំមុន ពីប្រទេសថៃ ដើម្បីផលិតថ្មីឡើងវិញ ជារបៀបខ្មែរ មានចំណងជើងថា «ចន្ទវង្វេងមេឃ» ដោយបានធ្វើពិធីក្រុង ពាលីចេញថតជាផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន ផលិតករខ្មែរ-ថៃ និងតារាសម្ដែងល្បីៗ ជាច្រើននាក់។
លោក ភិមូ អ្នកដឹកនាំសម្ដែងមកពីប្រទេសថៃ បានថ្លែងប្រាប់ឲ្យដឹងថា រឿង «ចន្ទវង្វេងមេឃ» ជាភាពយន្តថតយកលំនាំតាមរឿង «នាងផ្កាយព្រឹក» របស់ថៃ ដែលល្បីល្បាញ កាលពីជាង១០ឆ្នាំមុន មកផលិតសារជារថ្មីឡើងវិញ ដោយមានលក្ខណៈជារបៀបរបបខ្មែរទាំងស្រុង និងមានការបន្ថែមអត្ថន័យខ្លះៗ ធ្វើយ៉ាងណាឲ្យក្លាយជារឿងថ្មីរបស់ខ្មែរ មិនដូចរឿង «នាងផ្កាយព្រឹក» របស់ថៃ ទាំងស្រុងនោះទេ។
លោកបន្តថា រឿង«ចន្ទវង្វេងមេឃ» គ្រោងថតចំនួន៤៦ភាគ ដោយប្រើរយៈពេលថត ពី៦ទៅ៨ ខែ ហើយរាល់ការចំណាយ គឺស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជាអ្នកធានារ៉ាប់រងទាំងស្រុង ហើយតួសម្ដែងយើងបាន រើសយករួចរាល់ហើយ ក្រោមការបណ្ដុះបណ្ដាល ណែនាំបន្ថែមពីអ្នកដឹកនាំ ដោយលោកនឹងដឹកនាំសម្ដែងយ៉ាងផ្ចិតផ្ចង់ ឲ្យល្អជាងមុន តាមរយៈបទពិសោធន៍ ជាច្រើនឆ្នាំរបស់លោក កន្លងមកនេះ។
ផលិករថៃដដែលរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា បើប្រៀបធៀបជាមួយនឹងការផលិតរឿង របស់ខ្មែរ និងរឿងថៃ គឺខុសដាច់ឆ្ងាយពីគ្នា ប៉ុន្តែបើតាមលោកមើលឃើញជាក់ស្ដែង អ្នកសិល្បៈរបស់ខ្មែរ គឺមានសមត្ថភាពមិនចាញ់តារាថៃនោះទេ ហើយនៅពេលមានការបណ្ដុះបណ្ដាល បន្ថែមទៀត គឺអាចនឹងកាន់តែល្អជាងនេះ។
លោក ភិមូ បានបន្តថា រឿង «ចន្ទវង្វេងមេឃ» នឹងផលិតឡើងយ៉ាងពិសេស មានគុណភាពលើសពីរឿង «នាងផ្កាយព្រឹក» របស់ថៃ ដើម្បីជៀសផុតពីការរិះគន់ ថា ផលិតតាមគេហើយ មិនល្អមើលដូចរឿងដើម។ ជាពិសេសយើងផលិតឡើង គឺតម្រូវតាមទីផ្សារភាពយន្ត នាពេលបច្ចុប្បន្ន និងជាការស្ទាបស្ទង់រវាងសមត្ថភាព របស់តារាសម្ដែងខ្មែរ និងតារាសម្ដែងថៃផងដែរ ព្រោះតែប្រទេសទាំងពីរនេះ បានទម្រង់វប្បធម៌ និងប្រពៃណី ប្រហាក់ប្រហែលគ្នា។
រឿង «ចន្ទវង្វេងមេឃ» មានការចូលរួមមសម្ដែងជាតួឯកស្រី ដោយនាង ព្រះកាយច័ន្ទ និងតួឯកប្រុសសម្ដែងដោយលោក ភិម តារាវិបុល។ ក្រៅពីនេះមានតារាល្បីជាច្រើនទៀតរួមមាន លោក ហេង ដារី , កញ្ញា ញឹម ចាន់ថន ,លោក អៀង ចេនឡា , កញ្ញា ម៉ា នីកា ,លោក លាង ឧត្តម, កញ្ញា ធឿន ស្រីស្រស់, លោក រិទ្ធិ ធានី ,កញ្ញា ផា ណាម៉ុច, លោក ស្រេង ប៉េងលី , កញ្ញា លីលី ,កញ្ញា ស៊ិន រក្សា , កញ្ញា ឆើត ឆាយ, កញ្ញា ដានី និងកញ្ញា នួន គឹមហូរ ព្រមទាំងតារាកិត្តិយស ជាច្រើនទៀត៕