(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ RPG នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ជាកិច្ចចាប់ផ្ដើម នាយឧត្តមសេនីយន៍ ប៉ោ ភក្តិ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី អង្គសិក្ខាសាលាទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងសិក្ខាសិលាដ៏មានសារៈសំខាន់នៅពេលនេះ ព្រមទាំងមន្រ្តីនគរបាល រាជធានី ខេត្ត ទាំង២៥ ដែលចូលរួមតាម Online នាឱកាសនេះ។

លោកបន្តថា សិក្ខាសាលាស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងថ្ងៃនេះគឺជាការជួបជុំគ្នាលើកដំបូង ដែលត្រូវបានពង្រីកសមាសភាពចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីដឹកនាំ មន្ត្រីប្រតិបត្តិករ តាមបណ្ដានាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងតំណាងអង្គការសង្គមសុីវិល ហើយការរៀបចំឲ្យមានសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីបញ្ជ្រៀបចំណេះដឹងអំពីច្បាប់ ការផ្លាស់ប្ដូរ និងចែករំលែកនូវបទពិសោធន៍ថ្មីៗ ការងារជំនាញស៊ើបអង្កេត ការងារអនុវត្តនីតិវិធី និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាព ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងកាតព្វកិច្ចរបស់សង្គមសុីវិលដែលមានវត្តមាននៅលើទឹកដីកម្ពុជា ដែលត្រូវគោរពប្រតិបត្តិមុឹងម៉ាត់ ចំពោះច្បាប់ លិខិតបទដ្ឋានកិត្តិយុត្តិ របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសសំដៅបន្តរួមគ្នារក្សាកិត្តិនាម នូវការបញ្ចៀសព្រះរាជាណាចក្រកម្ពុជា មិនឱ្យធ្លាក់ក្នុងបញ្ជីប្រផេះ ជាលើកទី២ ក្នុងចំណោមប្រទេសដែលត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយន៍ ប៉ោ ភក្តិ បានគូសបញ្ជាក់ដោយសង្ខេបឡើងវិញជូនអង្គសិក្ខាសាលាអំពីសាវតាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងក្នុងការសំអាតប្រាក់ ហិរញ្ញប្បទាននាយកដ្ឋាន ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលជាកាតាលីករជំរុញកិច្ចការងារនេះទទួលបានលទ្ធផលល្អ។

នាយឧត្តមសេនីយន៍ បានបញ្ជាក់បន្ថែមថា សិក្ខាសាលានៅថ្ងៃនេះ គឺជាសក្ខីភាព និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាក្នុងការខិតខំប្រឹងប្រែងរួមចំណែកអនុវត្តកាន់តែល្អប្រសើរប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ នាយឧត្តមសេនីយន៍ បានបន្តថា តាមរយៈសិក្ខាសាលានេះ យើងនឹងទទួលបានចំណេះដឹងពីច្បាប់ ជំនាញ និងបទពិសោធន៍នានាបន្ថែមទៀត ឆ្លងតាមរយៈការពិនិត្យមើលលើបទបង្ហាញប្រធានបទទាំង៦។

ក្នុងនេះផងដែរ នាយឧត្តមសេនីយ៍ ក៏សូមលើទឹកចិត្តឲ្យអង្គសិក្ខាសាលាចូលរួមពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់ឲ្យបានផុលផុស នូវសំនួរចំលើយបន្ទាប់ពីបទបង្ហាញនីមួយៗ ដើម្បីធានាបាននូវការយល់ដឹងច្បាស់លាស់ និងអាចប្រែក្លាចជាការអនុវត្តជាក់ស្ដែងបានក្រោយចប់សិក្ខាសាលានេះ៕