(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីរបៀបប្រើប្រាស់កម្មវិធី CoolApp បណ្តាញទំនាក់ទំនងសង្គមដំបូងរបស់កម្ពុជា និងបញ្ញាសិប្បនិមិត្ត AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដល់សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងនិស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB)។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ស្នើឲ្យមន្រ្តីនគរបាលទាញយកកម្មវិធី CoolApp ដើម្បីប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយស្នាដៃកូនខ្មែរ នឹងចូលរួមការពារសុវត្ថិភាពទិន្នន័យរបស់ជាតិ ព្រមទាំងបន្តជួយផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនាក់ CoolApp។
ការអំពាវនាវស្នើឲ្យប្រើប្រាស់ CoolApp ធ្វើឡើងនៅក្នុងកម្មវិធីធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ CoolApp ដោយវាគ្មិន លោក គីម ម៉េង សហស្ថាបនិក និងជាអគ្គនាយករងក្រុមហ៊ុន CoolApp និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ដោយលោកវរសេនីយ៍ទោ ហេន សូដេត គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះ ដើម្បីបង្ហាញអំពីរបៀបប្រើប្រាស់ CoolApp ដែលជាបណ្តាញទំនាក់ទំនងសង្គមរបស់ខ្មែរ បង្កើតឡើងដោយកូនខ្មែរ និងរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើនប្រសិទ្ធិភាពការងារ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃសិក្ខាសាលា ដែលបានរៀបចំយ៉ាងល្អ និងមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ អ្នកសិក្សា និងអ្នកជំនាញ។ បទបង្ហាញទាំងអស់មានភាពច្បាស់លាស់ អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធទំនាក់ទំនង CoolApp និងបញ្ញាសិប្បនិម្មិត(AI)។
ចំណេះដឹងទាំងនេះអាចអនុវត្តបានក្នុងការកែលម្អការងារ និងការអប់រំនាពេលអនាគត។ Cool App និង AI ជាបច្ចេកវិទ្យាដែលមានសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូរនិងបង្កើនប្រសិទ្ធភាពក្នុងវិស័យសន្តិសុខនិងសេវាសាធារណៈ។
ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានថ្លែងថា ទោះបីជាសិក្ខាសាលានេះមានរយៈពេលតែមួយព្រឹកមែន ប៉ុន្តែវាមានសារៈសំខាន់ និងទទួលបានលទ្ធផលដូចខាងក្រោម៖
* ដំណើរការសិក្ខាសាលានិងការធ្វើបទបង្ហាញបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក
* ការចូលរួមសកម្មក្នុងការសួរសំណួរ និងការចែករំលែកទស្សនៈ បានធ្វើឱ្យសិក្ខាសាលានេះកាន់តែរស់រវើក
* សមាជិក សមាជិកា បានទទួលនូវការយល់ដឹង បទពិសោធ ឧទាហរណ៍កាន់តែច្បាស់លើការប្រើប្រាស់កម្មវិធីទំនាក់ CoolApp និងចេះទាញយក ប្រយោជន៍ពីបញ្ញាសិប្បនិម្មិត AI មកជួយសម្រួលការងារ ការសិក្សា និងជីវភាពប្រចាំថ្ងៃរបស់ខ្លួនផ្អែកលើលទ្ធផលដែលបានលើកឡើងខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ មានសង្ឃឹមនិង ជឿជាក់ថាអ្នកចូលរួមទាំងអស់ នឹងយកអត្ថប្រយោជន៍ពីសិក្ខាសាលានេះ ដើម្បីអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួន។
ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនអង្គភាព និងចូលរួមកសាងសង្គមកម្ពុជារក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកសំណូមពរមួយចំនួនដល់អង្គភាពពាក់ព័ន្ធដូចខាងក្រោម៖
* បន្តការអប់រំនិងផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនាក់សង្គម CoolApp និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបន្តបន្ទាប់
* ទាញយកកម្មវិធី CoolApp មកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយស្នាដៃកូនខ្មែរ នឹងចូលរួមការពារសុវត្ថិភាពទិន្នន័យរបស់ជាតិផងដែរ។
* បន្តតាមដានព័ត៌មាននិងសិក្សាបន្ថែមជានិច្ចនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីដើរទាន់សភាពការណ៍ការងារ និងបទល្មើសកើតមានឡើងលើសកលលោក
* លើកស្ទួយការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗដោយកូនខ្មែរ ដើម្បីពង្រឹងឯករាជ្យភាពផ្នែកឌីជីថលរបស់ជាតិ៕