(ភ្នំពេញ)៖ ស្ដ្រីមេមាយដ៏គួរឱ្យអាណិតអាសូរឈ្មោះ ជៀន សីហា អាយុ ៣៣ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្ដតាកែវ ប្រកបរបរជាអ្នកអនាម័យ ដើម្បីចិញ្ចឹមកូនប្រុសស្រី៣នាក់តូចៗនៅក្នុងបន្ទុក បានរៀបរាប់ពីទុក្ខលំបាក និងការឈឺចាប់នៃជំងឺរបស់ខ្លួនថា ខ្លួនមានដុំសាច់និងឆ្អឹងថ្គាមខាងស្តាំធំ ដែលកើតជាង៣ឆ្នាំមកហើយ ដោយសារខ្វះខាតថវិកាមើលថែផង និងមិនបានយកចិត្ដទុកដាក់មើលថែខ្លួនផង ព្រោះបានផ្ដោតតែលើរកថវិកាចិញ្ចឹមកូន។

ស្ដ្រីដ៏កំសត់រូបនេះបានឱ្យដឹងទៀតថា ដុំសាច់នេះដំបូងត្រឹមមានទំហំតូចដូចកូនកណ្ដុលប៉ុណ្ណោះ ដូច្នេះគ្រាន់តែថ្នាំលេបបំបាត់ការឈឺចុកចាប់ និងទៅរកគ្រូពេទ្យបានម្ដងម្កាលក៏ឈប់ រហូតដល់ដុំសាច់នេះកាន់តែធំទៅៗដូចសព្វថ្ងៃ។ ដោយកាន់តែធំ ហើយមានឈឺចុកចាប់ មិនមានថវិកាព្យាបាល ទើបសម្រេចចិត្ដដង្ហើយរកការជួយពីសប្បុរសជន ហើយការអំពាវនាវនេះ ក៏មានសប្បុរសជនមួយចំនួន ជួយជាថវិកា ស្បៀងអាហារជាដើម។

ស្ដ្រីដ៏គួរអាសូររូបនេះបានបន្ដថា «កន្លងមកខ្ញុំធ្លាប់គិតថា ខ្លាចថ្ងៃទៅណាមួយជំងឺខ្ញុំកាន់តែធ្ងន់ធ្ងរ ស្លាប់ចោលកូនប្រុសស្រីទាំងបីនាក់ដែលនៅតូចៗគ្មានអ្នកមើលថែ។ តែការបារម្ដរបស់ខ្ញុំ ត្រូវបានរសាយអស់ពេលដែរលឺថា ការអំពាវនាវរបស់ខ្ញុំបានលេចលឺព័ត៌មាននេះ ទៅដល់ថ្នាក់ដឹកនំានៃក្រសួងសុខាភិបាល ខ្ញុំសប្បាយចិត្ដណាស់ ព្រោះថាជំងឺខ្ញុំនឹងបានធូរស្រាលឡើងវិញ អាចរស់នៅមើលថែកូនៗខ្ញុំវិញហើយ។ មកដល់ពេលនេះ ខ្ញុំក៏ត្រូវបានគ្រូពេទ្យ បានយកឡានពេទ្យមកដឹកខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ជារៀងរាល់សប្ដាហ៍ដោយមិនអស់ថវិកានោះទេ ហើយជំងឺខ្ញុំក៏មិនឈឺចុកចាប់ដូចមុន។ខ្ញុំពិតជាសូមអរគុណខ្លាំងណាស់ ដល់ថ្នាក់ដឹកនាំ លោករដ្ឋមន្ដ្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់»

សូមជម្រាបថាក្រោយការអំពាវនាវដល់លេចលឺដល់ថ្នាក់ដឹកនាំក្រសូងសុខាភិបាល ក៏បានចាត់ក្រុមការងារចុះជួយអន្តរាគមន៍ជាបន្ទាន់ ដោយព្យាយាមស្វែងរកស្រ្តីខាងលើមកទទួលការព្យាបាល។ បន្ទាប់ពីធ្វើការស្រាវជ្រាវ រកឃើញថា ស្រ្តីខាងលើ រស់នៅខេត្តតាកែវ ក្រុមការងារបានទាក់ទងទៅកាន់មន្ទីរពេទ្យខេត្ត ចុះទៅដល់ផ្ទះអ្នកជំងឺ ដើម្បីពន្យល់ណែនាំ និងយកអ្នកជំងឺទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលធ្វើការពិនិត្យវិភាគ រករោគវិនិច្ឆ័យឡើងវិញ ដោយក្រុមគ្រូពេទ្យ ខាងផ្នែក មាត់ ធ្មេញ និងក្រុមគ្រូពេទ្យដែលពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្រោយការពិនិត្យយ៉ាងលម្អិតក្រុមគ្រូពេទ្យរកឃើញថា ជាប្រភេទដុំសាច់មានការរីករាលដាលខ្លាំង ដែលមិនអាចព្យាបាលដោយវះកាត់បានឡើយ គឺត្រូវព្យាបាលដោយការបាញ់កាំរស្មី ដើម្បីបង្រួមដុំសាច់ កុំឲ្យរីករាលដាលកាន់តែខ្លាំងឡើងទៀត។ ស្រ្តីខាងលើត្រូវបាញ់កាំរស្មីជារៀងរាល់សប្តាហ៍ ដោយមិនអស់ថវិកានោះឡើយ ក្រោមគោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់ជនក្រីក្រ មានជំងឺរាំរ៉ៃ គ្មានទីពឹង ដោយមិនទុកប្រជាជនណាម្នាក់លំបាកឡើយ។ នេះបើតាមការបញ្ជាក់លោកស្រីវេជ្ជបណ្ឌិត គង់ សុវណ្ណវ៉ារី ឯកទេសវះកាត់ឆ្អឹងមុខ និងកែសោភ័ណភាពនៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ផេង សុធីរ ឯកទេសដុំសាច់ និងកាំរស្មី នៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺរបស់ស្ដ្រីខាងលើនេះ បានមកទទួលសេវាបាញ់កាំរស្មី នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ មកទល់នឹងបច្ចប្បន្ននេះ។ អត្ថប្រយោជន៍បាញ់កាំរស្មី គឺបានធ្វើឱ្យអ្នកជំងឺមិនមានការឈឺចាប់ដូនមុន នឹងធ្វើគុណភាពជីវិតរបស់គាត់បានប្រសើរជាងមុនផងដែរ។

គូររម្លឹកផងដែរថា ស្ដ្រីដ៏គួរអាសូរខាងលើនេះ ក្រៅពីទទួលបានការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត លើការព្យាយាមជំងឺ ក្រុមការងារនៃមន្ទីរពេទ្យក៏បានរាយការណ៍ករណីខ្វះខាតផ្នែកជីវភាពនេះទៅកាន់កាកបាទក្រហមកម្ពុជាផងដែរ ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំនៅកម្ពុជា ហើយក៏ជាជំនួយការឱ្យអាជ្ញាធរមូលដ្ឋានលើការងារមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះបំផុតនៅកម្ពុជា ដោយមិនរើសអើង និងមិនលំអៀង។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កាកបាទក្រហមក៏បានផ្តល់ថវិកា ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនស្រ្តីខាងលើនេះ។ មួយវិញទៀតរាល់ពេលបាញ់កាំរស្មីរួចនៅមន្ទីរពេទ្យកាល់ម៉ែត គឺមន្ទីរសុខាភិបាលខេត្ត បានចាត់ក្រុមគ្រូពេទ្យចុះពិនិត្យ និងតាមដានសុខភាពជូនគាត់ដល់ផ្ទះតែម្តង ដើម្បីធានាសុវត្ថិភាពជូនអ្នកជំងឺ ៕