Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតផ្នែកបច្ចេកទេស៨០រូប បញ្ចប់ជាស្ថាពរក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស Samsung Tech Institute លើកទី៣

08-11-2016 15:14

(ភ្នំពេញ)៖ និស្សិតនៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសនៃកម្ពុជា ចំនួន៨០នាក់ បានប្រលងបញ្ចប់ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកផលិតផលអេឡិកត្រូនិករបស់ Samsung Tech Institute នាពេលថ្មីៗកន្លងទៅនេះ។

លោកសាស្ត្រាចារ្យ គឹម វណ្ណី ជាអ្នកសម្របសម្រួល ក្នុងវគ្គបណ្តុះបណ្តាលនេះ បានឲ្យថា «និស្សិតឆ្នើមចំនួន០៨ នាក់នឹងត្រូវបានជ្រើសរើស តាមរយៈការប្រលងមួយនេះ ដើម្បីចុះកម្មសិក្សានៅមជ្ឈមណ្ឌល ផ្នែកសេវាកម្មរបស់ក្រុមហ៊ុនសាមសុង ដែលពួកគាត់ទាំងអស់ អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ របស់ក្រុមហ៊ុនសាមសុងផងដែរ»

លោក សុខ ពិសី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថា «ការចុះកម្មសិក្សានៅ Samsung Service Center អាចធ្វើឲ្យខ្ញុំនិងនិស្សិតផ្សេងទៀត បានយល់ដឹងកាន់តែច្បាស់ ពីផលិតផលអេឡិកត្រូនិកទំនើបៗ របស់សាមសុង ក៏ដូចជាបានរៀនសូត្រជាមួយ អ្នកជំនាញជាច្រើននាក់ នៅទីនោះហើយជាពិសេស ខ្ញុំអាចនឹងមានឱកាសក្លាយ ជាបុគ្គលិកនៅក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុនដ៏ធំមួយនៅ ក្នុងប្រទេសកម្ពុជា»។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ហើយមាននិស្សិត ប្រមាណ២០០នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតជាង១០នាក់ បានទទួលការងារដ៏សមស្របមួយ នៅក្រុមហ៊ុនសាមសុង ក្នុងទីក្រុងភ្នំពេញ ហើយមាននិស្សិត ជាច្រើននាក់ទៀត ដែលបានចេញទៅបម្រើការនៅតាមស្ថាប័នផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

គួរឲ្យដឹងផងដែរថា វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី៣ មានរយៈពេល៤ខែ គឺចាប់តាំងពី ខែមិថុនា ដល់ខែតុលា ឆ្នាំ ២០១៦។ សិក្ខាកាមត្រូវបាន បង្រៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាមួយសម្ភារៈ អេឡិកត្រូនិករបស់សាមសុង ដែលរួមមានដូចជា ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ថេបប្លេត ទូរស័ព្ទដៃ និងម៉ាស៊ីនត្រជាក់ជាដើម៕